Social Network

លោក ប្រាយុទ្ធ ដើរចេញពីសន្និសីទកាសែត ក្រោយមានសំណួរអំពីលោក ថាក់ស៉ីន

 (បាងកក)៖ ការលើកឡើងពីអតីតនាយករដ្ឋមន្ត្រីថៃដែលត្រូវបានបណ្តេញចេញពីតំណែង លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានជំរុញឲ្យនាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចា ដើរចេញពីសន្និសីទសារព័ត៌មាន ដោយការខឹងសម្បារចំពោះសំណួរអំពីការវិលត្រឡប់នៃអ្នកនយោបាយដែលនិរទេសខ្លួនរូបនេះ។

នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣។

ការបោះឆ្នោតដែលកំណត់ត្រឹមខែឧសភា ឆ្នាំ២០២៣នេះ លោក ប្រាយុទ្ធ អាយុ ៦៨ឆ្នាំ អាចប្រឈមមុខនឹងការប្រកួតប្រជែងជាមួយកូនស្រីពៅរបស់ លោក ថាក់ស៉ីន គឺអ្នកនាង ផែថងថាន (Paetongtarn) ដែលទទួលបានការគាំទ្រច្រើនជាងពីរដង នៅការស្ទង់មតិថ្មីៗអំពីអ្នកដែលគួរតែក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់ របស់ប្រទេសថៃ។

មុននឹងដើរចេញពីវេទិកាឃោសនាបោះឆ្នោត ដោយកាត់ចោលនូវចម្ងល់របស់អ្នកកាសែតអំពីវត្តមានសារជាថ្មីរបស់ លោក ថាក់ស៊ីន នៅក្នុងសប្តាហ៍នេះ លោក ប្រាយុទ្ធ បាននិយាយយ៉ាងខ្លីដូច្នេះថា «សូមកុំនិយាយពីអ្នកនោះអី ខ្ញុំមិនចូលចិត្តទេ»។

គួរបញ្ជាក់ថា លោក ថាក់ស៊ីន បាននឹងកំពុងលើណែនាំបេក្ខភាពកូនស្រីរបស់លោក សម្រាប់ការបោះឆ្នោតសកលក្នុងប្រទេសថៃនាពេលខាងមុខនេះ ហើយបានចោទប្រកាន់លោក ប្រាយុទ្ធ អំពីការពន្យាពេលរំលាយសភា ព្រមជាមួយនិងការបញ្ជាក់ជាថ្មីថាលោកនឹងត្រឡប់ទៅប្រទេសថៃវិញ ក្នុងពេលឆាប់ៗនេះ៕

ដកស្រង់ពី៖ Fresh News