Social Network

ឥណ្ឌាអញ្ជើញរដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន ចូលរួមកិច្ចប្រជុំមួយនៅខែឧសភា ដែលខ្លួននឹងធ្វើជាម្ចាស់ផ្ទះ

 (ញូដេលី)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ឥណ្ឌា បានរាយការណ៍នៅថ្ងៃពុធនេះថា ទីក្រុងញូដេលីបានអញ្ជើញ រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន ឱ្យចូលរួមកិច្ចប្រជុំមួយ នៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ដែលខ្លួននឹងធ្វើជាម្ចាស់ផ្ទះរៀបចំ នៅខែឧសភា ឆ្នាំនេះ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣។ យ៉ាងណាក្តី អ្នកនាំពាក្យក្រសួងការបរទេសនៃប្រទេសទាំងពីរ ពុំបានឆ្លើយតបសំណើសុំការអត្ថាធិប្បាយ ជុំវិញព័ត៌មានខាងលើឡើយ។

ប៉ុន្តែប្រសិនបើភាគីប៉ាគីស្ថានទទួលយកការអញ្ជើញ រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន លោក ប៊ីឡាវ៉ាល់ ប៊ូតតូ ហ្សាដារី (Bilawal Bhutto Zardari) នឹងក្លាយជាប្រមុខការទូតដំបូងបំផុតរបស់ប៉ាគីស្ថាន ដែលមកបំពេញទស្សនកិច្ចនៅឥណ្ឌា ក្នុងរយៈពេលជិត១២ឆ្នាំ។

កាលពីសប្តាហ៍មុន នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក សាបាស សារីហ្វ (Shahbaz Sharif) ទើបតែបានអំពាវនាវឱ្យសមភាគីឥណ្ឌា យល់ព្រមរៀបចំកិច្ចសន្ទនាទល់មុខគ្នា ដើម្បីព្យាយាមដោះស្រាយបញ្ហាចម្បងនានា រវាងប្រទេសជិតខាងទាំងពីរ រួមមានទាំងបញ្ហាតំបន់កាស្មៀរផងដែរ។

ឥណ្ឌានិងប៉ាគីស្ថាន ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរក្នុងដៃ ធ្លាប់បានធ្វើសង្រ្គាមទ្រង់ទ្រាយធំនឹងគ្នាចំនួន ៣លើក គិតចាប់តាំងពីពេលទទួលបានឯករាជ្យពីចក្រភពអង់គ្លេស នៅឆ្នាំ១៩៤៧ ហើយតំបន់កាស្មៀរគឺជាដើមចមនៃសង្រ្គាមចំនួន ២លើក ក្នុងចំណោមនោះ។

គួរបញ្ជាក់ថា អង្គការ SCO រួមមានសមាជិកដូចជាចិន ឥណ្ឌា រុស្ស៉ី ប៉ាគីស្ថាន និងប្រទេសចំនួន៤ទៀត នៅតំបន់អាស៉ីកណ្តាល៕

ដកស្រង់ពី៖ Fresh News