Social Network

រជ្ជទាយាទអារ៉ាប៊ីសាអូឌីត ទទួលបានតំណែងផ្លូវការជានាយករដ្ឋមន្រ្តី

កាលពីថ្ងៃអង្គារកន្លង ទីភ្នាក់ងារព័ត៌មានអារ៉ាប៊ីសាអូឌីត SPA ដោយផ្អែកលើព្រះរាជក្រឹត្យរបស់ព្រះចៅ សាល់ម៉ាន់ បានផ្សាយថា ព្រះអង្គម្ចាស់រាជ្យទាយាទ ម៉ូហាំម៉ាត់ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រអារ៉ាប់មួយនេះ។

ព្រះអង្គម្ចាស់ ម៉ូហាំម៉ាត់ ប៊ីន សាល់ម៉ាន់ ដែលមានព្រះនាមកាត់ហៅថា MBS បច្ចុប្បន្ន គឺជាប្រមុខដឹកនាំក្រៅផ្លូវការរបស់អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងធំជាងគេលើពិភពលោករួចស្រេចទៅហើយ ក៏ប៉ុន្តែការតែងតាំងខាងលើ គឺជាការផ្តល់ភាពផ្លូវការចំពោះតួនាទីរបស់ទ្រង់ ជាប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រមួយនេះ។

សូមបញ្ជាក់ថា តាមរយៈការតែងតាំងព្រះអង្គម្ចាស់ MBS ជានាយករដ្ឋមន្រ្តីបែបនេះ មហាក្សត្រអារ៉ាប៊ីសាអូឌីត ព្រះចៅ សាល់ម៉ាន់ ដែលសព្វថ្ងៃនៅកាន់តួនាទីជាប្រមុខរដ្ឋ បាននិងកំពុងបន្តការផ្ទេរអំណាចដោយសន្សឹមៗឱ្យទៅព្រះបុត្រារបស់ទ្រង់។ កាលពីខែឧសភា ឆ្នាំនេះ ព្រះចៅ សាល់ម៉ាន់ ទើបតែបានយាងចូលសម្រាកនៅមន្ទីរពេទ្យ សម្រាប់ការពិនិត្យ និងតាមដានព្រះរាជសុខភាព។

សម្រាប់ព្រះអង្គម្ចាស់ MBS ដែលបច្ចុប្បន្នមានព្រះជន្ម៣៧ព្រះវស្សា គឺបានទទួលបន្ទុកចាត់ចែងកិច្ចការងារសំខាន់ៗរបស់អារ៉ាប៊ីសាអូឌីតរួចជាស្រេច រួមមានទាំងវិស័យសេដ្ឋកិច្ច ការពារជាតិ ប្រេង និងសន្តិសុខជាតិជាដើម នេះបើតាមការផ្សាយរបស់សារព័ត៌មាន Aljazeera កាលពីថ្ងៃពុធ។