Social Network

ក្រុមហ៊ុន CIC ចេញសេចក្ដីប្រកាសព័ត៌មាន អំពីការរក្សាគោលជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការដោះស្រាយបញ្ហាចំពោះមុខធានាផលប្រយោជន៍របស់វិនិយោគិនគ្រប់រូប

(ភ្នំពេញ)៖ ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (ស៊ីអាយស៊ី ផាតន័រ) នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺព័ត៌មាន ដោយបានបញ្ជាក់ថា ករណីក្រុមហ៊ុន ស៊ីអាយស៊ី ផាតន័រ មិនមែនជាសំណុំរឿងបោកប្រាស់ឡើយ ប៉ុន្តែជាវិបត្តិសន្ទនីយភាពសាច់ប្រាក់ ដែលរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកល។

ក្នុងសេចក្ដីបំភ្លឺព័ត៌មាន បានបញ្ជាក់ថា ករណីក្រុមហ៊ុន ស៊ីអាយស៊ី ផាតន័រ មិនមែនជាសំណុំរឿងបោកប្រាស់ ដូចការចោទប្រកាន់តាមរយៈបណ្តាញទំនាក់ទំនងសង្គមមួយចំនួនឡើយ ប៉ុន្តែជាវិបត្តិសន្ទនីយភាពសាច់ប្រាក់ ដែលរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកល និងភាពខ្វះចន្លោះក្នុងការត្រៀមខ្លួនរបស់ក្រុមហ៊ុន។

សេចក្ដីបំភ្លឺព័ត៌មាន បានបញ្ជាក់ថា «ក្រុមហ៊ុន ស៊ីអាយស៊ី ផាតន័រ នៅតែរក្សាគោលជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការដោះស្រាយបញ្ហាចំពោះមុខ ដោយធានាឲ្យបានជាអតិបរមា នូវផលប្រយោជន៍របស់វិនិយោគិនគ្រប់រូប»។ ក្រុមហ៊ុន នឹងបន្តធ្វើការដោយអនុលោមទៅតាមគោលការណ៍ និងបទប្បញ្ញត្តិ ដែលកំណត់ដោយ និយ័តករមូលបត្រកម្ពុជា (ន.ម.ក) ដែលតែងតែតម្កល់ផលប្រយោជន៍វិនិយោគិនជាអទិភាព។

សូមថ្លែងអំណរគុណចំពោះវិនិយោគិនមួយភាគធំ ដែលបានសហការក្នុងការដោះស្រាយបញ្ហាវិបត្តិនេះ។ ក្រុមហ៊ុន ស៊ីអាយស៊ី ផាតន័រ សូមវិនិយោគិនបន្តចូលរួម ក្នុងយន្តការដោះស្រាយបញ្ហានេះ ក្រោមក្របខណ្ឌនៃច្បាប់គម្រោងវិនិយោគរួមដែលមាន ន.ម.ក ជាអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអាចឲ្យក្រុមហ៊ុនបញ្ចប់បេសកកម្មក្នុងការវេចខ្ចប់ទ្រព្យ ដែលជាមូលដ្ឋានគ្រឹះនៃដំណោះស្រាយសម្រាប់វិនិយោគិន៕

ខាងក្រោមនេះ ជាសេចក្ដីបំភ្លឺព័ត៌មាន៖

ដកស្រង់ពី៖Fresh New