Social Network

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់អ្នកបើករថយន្ដបង្កគ្រោះថ្នាក់ បណ្ដាលឲ្យអ្នកដទៃស្លាប់ និងរបួស នៅខណ្ឌកំបូល

(ភ្នំពេញ)៖ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញការចោទប្រកាន់លើអ្នកបើកបររថយន្តដែលបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲរបួស និងស្លាប់អ្នកដទៃ នៅចំណុចច្រកចូលវត្តអរុណវតី ផ្លូវជាតិលេខ៤ ស្ថិតក្នុងខណ្ឌកំបូល។

កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១២៖៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុចច្រកចូលវត្តអរុណវតី ស្ថិតនៅលើផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ផ្លាកលេខ ភ្នំពេញ 3E-2791 បើកបរដោយឈ្មោះ ជ្រុន ចិន្តារី អាយុ៣០ឆ្នាំ។

ពេលនោះ ឈ្មោះ ជ្រុន ចិន្តារី បានបើករថយន្តគេចពីយានយន្តមួយគ្រឿងដែល ឈប់រង់ចាំបត់ឆ្វេង ហើយរេចង្កូតមកឆ្វេងចូលចំណែកផ្លូវនៃយានម្ខាងទៀត រួចក៏បុកជាមួយនឹងម៉ូតូ១គ្រឿងម៉ាក HONDA CUB ពណ៌ខៀវ ផ្លាកលេខ បន្ទាយមានជ័យ 1S-O512 ដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យ អ្នកបើកបរម៉ូតូឈ្មោះ ប៊ុន វិសាល ភេទប្រុស អាយុ២៨ឆ្នាំ និងឈ្មោះ ផន ស្រីនាង ភេទស្រី អាយុ១៣ឆ្នាំ ដែលជា អ្នករួមដំណើរ ត្រូវរងរបួសធ្ងន់។ ចំណែកឯ ឈ្មោះ ផន ស្រីណុច ភេទស្រី អាយុ១២ឆ្នាំ ដែលជាអ្នករួមដំណើរដែរនោះ បានស្លាប់បាត់បង់ជីវិត។

ជាមួយគ្នានេះ រថយន្តខាងលើបានជ្រុលទៅបុកម៉ូតូកង់បីមួយគ្រឿងទៀតម៉ាក BAJAJ ពណ៌លឿង ផ្លាកលេខ ភ្នំពេញ 1GZ-2592 បណ្តាលឲ្យអ្នកបើកបរម៉ូតូកង់បីឈ្មោះ ជុំ វាសនា ភេទប្រុស អាយុ៣០ឆ្នាំ រងរបួសស្រាល។

ក្រោយពីបានសាកសួរ និងពិនិត្យផ្ទៀតផ្ទាត់លើភស្តុតាងនានាដែលមាននៅក្នុងសំណុំរឿង តំណាងអយ្យការ បានសម្រេចធ្វើការចោទប្រកាន់លើអ្នកបើកបររថយន្តឈ្មោះ ស្រ៊ុន ចិន្តារី ភេទប្រុស ពីបទ បើកបរបង្កឲ្យរបួស និង ស្លាប់អ្នកដទៃ តាមមាត្រា ៨៣ និងមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបានបញ្ជូនសំណុំរឿងនេះទៅ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដកស្រង់ពី៖Fresh New