Social Network

រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយ ស.ស.យ.ក នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង ២០២៤» ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង ២០២៤» ក្នុងគោលបំណងបង្កើតការសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ។

ព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង ២០២៤« នឹងប្រព្រឹត្តទៅនាថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្តោយវិថី សម្ដេចក្រឡាហោម ស ខេង ក្នុងបរិវេណវិទ្យាល័យនេតយ៉ង់ និងបរិវេណខាងមុខសារមន្ទីរ ប្រវត្តិសាស្ត្រខេត្ត (សាលាខេត្ត) ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។

តាមរយៈសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបានឱ្យដឹងថា ព្រឹត្តិការណ៍សង្ក្រាន្តនេះ ក៏នឹងផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីដ៏ល្អ ផូរផង់តាមរយៈការរៀបចំកម្មវិធីសិល្បៈ លេងល្បែងប្រជាប្រិយផ្សេងៗ ជាពិសេសចង់បង្ហាញដល់ភ្ញៀវជាតិ អន្តរជាតិ ឱ្យស្គាល់ពីទំនៀមទម្លាប់នៃការរស់នៅក៏ដូចជាសក្តានុពលនានា របស់ខេត្តបាត់ដំបង តាមរយៈការរៀបចំដាក់តាំងបង្ហាញនូវផលិតផលតាមបណ្តាក្រុង ស្រុកទាំង១៤ ការតាំងបង្ហាញមុខម្ហូបអ្នកបាត់ដំបង ចាប៉ីដងវែង ទុរេនយក្ស ណែមយក្ស និងនៅពេលរាត្រីមានការប្រគំតន្រ្តី ការប្រកួតកីឡាប្រដាល់គុនខ្មែរ ព្រមទាំងមានការរៀបចំតុបតែងលម្អភ្លើងពណ៌ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។

រដ្ឋបាលខេត្តបាត់ដំបង និងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង សង្ឃឹមយ៉ាង មុតមាំថាសាធារណជន ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិទាំងនៅក្នុងប្រទេស និងក្រៅប្រទេស នឹងមកចូលរួមទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ២០២៤ ឱ្យបានច្រើនកុះករ អធិកអធម ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី និងលើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរ៕

ដកស្រង់ពី៖Fresh New