Social Network

គ.ជ.ប៖ គណបក្សនយោបាយចំនួន៥ បានចុះឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៥:៣០នាទីល្ងាច គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បានសម្រេចទទួលស្គាល់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សនយោបាយចំនួន៥។

តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា គណបក្សនយោបាយទាំង៥នេះរួមមានដូចខាងក្រោម៖

ទី១៖ គណបក្សប្រជាជនកម្ពុជា

ទី២៖ គណបក្ស ឆន្ទៈខ្មែរ

ទី៣៖ គណបក្ស កម្លាំងជាតិ

ទី៤៖ គណបក្សហ៊្វុនស៊ិនប៉ិច

ទី៥៖ គណបក្សខ្មែររួបរួមជាតិ

គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បានពិនិត្យពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា «ក្រុមប្រឹក្សា» អាណត្តិទី៤ ឆ្នាំ២០២៤ ដែលគណបក្សនយោបាយបានដាក់មកទាំងអស់ តាមលំដាប់លំដោយ ហើយបានសម្រេចលើបញ្ជីទាំងនោះជាបន្តបន្ទាប់។

ផ្អែកតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ក្នុងករណី គធ.ខប ពិនិត្យឃើញថា សំណុំលិខិតរបស់គណបក្សនយោបាយណាមួយ ពុំបានបំពេញលក្ខខណ្ឌដូចមានចែងក្នុងប្រការ ២.៣៦ រហូតដល់ប្រការ ២.៤២ គធ.ខប ត្រូវជូនដំណឹងទៅសាមីគណបក្សនយោបាយនោះវិញ ដើម្បីបំពេញបន្ថែម ឬកែតម្រូវ។ សាមីគណបក្សនយោបាយ ត្រូវបំពេញលក្ខខណ្ឌ ឬកែតម្រូវចំណុចដែលខ្វះខាតយ៉ាងយូរ ៥ថ្ងៃ បន្ទាប់ពីថ្ងៃបានទទួលលិខិតជូនដំណឹងពី គធ.ខប៕

ដកស្រង់ពី៖Fresh New