Social Network

ក្រសួងបរិស្ថានៈ បណ្តាញអង្គការចាត់តាំងខុសច្បាប់ ដែលប្រើឈ្មោះ «មាតាធម្មជាតិ» មិនមានលក្ខណៈសម្បត្តិ ជាអង្គការមិនមែនរដ្ឋាភិបាល

ភ្នំពេញៈ ក្រសួងបរិស្ថាន បានកត់សម្គាល់ឃើញថា បណ្តាញអង្គការ ចាត់តាំងខុសច្បាប់ ដែលប្រើឈ្មោះ «មាតាធម្មជាតិ» ដឹកនាំដោយបុគ្គលសញ្ជាតិ អេស្ប៉ាញ ឈ្មោះ Alejandro Gonzalez Davidson មិនមានលក្ខណៈសម្បត្តិ ជាអង្គការមិនមែនរដ្ឋាភិបាល។

 

ក្រុមនេះ មិនបានធ្វើការចុះបញ្ជី ជាសមាគម ឬអង្គការមិនមែន រដ្ឋាភិបាល តាមការកំណត់របស់ច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នោះទេ។

យើងក៏បានកត់សម្គាល់ថា កាលពីឆ្នាំ២០១៧ ប្រធានអង្គការនេះ បានដាក់លិខិតស្នើសុំរំលាយអង្គការនេះ មកក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃ បានចេញប្រកាសលេខ ៤៥៧១ ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ សម្រេចលុប ឈ្មោះ «អង្គការមាតាធម្មជាតិ» ចេញពីបញ្ជីអង្គការមិនមែន រដ្ឋាភិបាលជាស្ថាពរ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងបរិស្ថាន នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។ក្រសួងបរិស្ថាន បានបញ្ជាក់ថាៈ រាល់សកម្មភាពដែលបក្ខពួក និងក្រុមនេះ បានប្រព្រឹត្ត គឺប្រាសចាកនឹងឧត្តមប្រយោជន៍ នៃសង្គមជាតិកម្ពុជា និងផ្ទុយពីបទប្បញ្ញត្តិនៃក្រម រដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

ដូច្នេះ អ្នកដែលចូលរួមធ្វើសកម្មភាព ជាមួយក្រុមនេះ ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់៕

ដកស្រង់ពី៖ រស្មីកម្ពុជា