ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលជាមួយ ប្រជាកសិករប្រមូលផលស្វាយចន្ទី និងសហគមន៍កសិកម្ម នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ ២០២៤ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារ ដែលមានលោកអគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ប្រធាននាយកដ្ឋានដំណាំឧស្សាហកម្ម លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ចុះជួបសំណេះសំណាលជាមួយប្រជាកសិករកំពុងប្រមូលផលគ្រាប់ស្វាយចន្ទី នៅចម្ការរបស់ក្រុមហ៊ុនកុលវាសនា Investment Co, Ltd ស្ថិតនៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលមានផៃ្ទដីដាំសា្វយចន្ទីសរុបចំនួន១០០៥ហិកតា ចំណែកផ្ទៃដីដែលអាចប្រមូលផលបានមានចំនួន៧៦៥ហិកតា។

នៅក្នុងបេសសកម្មនេះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ បានបន្តដំណើរទៅជួបសំណេះសំណាលជាមួយប្រជាកសិករនៅក្នុងសហគមន៏កសិកម្មសាលាវិស័យ ក្នុងស្រុកប្រាសាទបល្ល័ង្ក ដោយបានណែនាំបន្ថែមអំពីដំណើការអភិវឌ្ឍសហគមន៍បច្ចុប្បន្ន ឱ្យទៅជាសហគមន៍ទំនើប។ សហគមន៍កសិកម្មទំនើបដែលស្ថិតនៅក្រោមកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល អាណត្តិទី៧។

សូមជម្រាបថា បច្ចុប្បន្ននេះសហគមន៍កសិកម្មសាលាវិស័យ មានសមាជិកសរុបចំនួន៦០១នាក់ និងបានដាំដុះដំណាំសា្វយចន្ទី នៅលើផ្ទៃដីចំនួ៥៨៦ហិកតា ដែលអាចប្រមូលផលបានលើផ្ទៃដីចំនួន ៥៧២ហិកតា។

គួរបញ្ជាក់ដែរថា ចំពោះស្ថានភាពនៃការប្រមូល ផលដំណាំស្វាយចន្ទី និងតម្លៃនៅលើទីផ្សារនៅដើមរដូវ ប្រមូលផលឆ្នាំនេះមានតម្លៃចន្លោះពី៤៨០០រៀលទៅ ៥២០០រៀលក្នុង១គីឡូក្រាម គឺមានតម្លៃល្អជាងឆ្នាំមុនធៀបនឹងពេលវេលាដូចគ្នា៕

ដកស្រង់ពី៖  ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ