Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកស្រុក​អង្គរ​បន្ត​បំពេញ​តួនាទី​ជា​អ្នកថែរក្សា​ ​និង​ការពារ​អង្គរ​

  • បោះពុម្ព

មកដល់សព្វថ្ងៃ អ្នកស្រុកអង្គរ នៅតែបំពេញតួនាទីជាអ្នកថែរក្សា និងការពារអង្គរ តាមរយៈការចូលរួមជួសជុលប្រាសាទបុរាណនានា និងបានក្លាយជាកម្មករជំនាញ តាមផ្នែកផ្សេងៗដូចជា ដាប់ឆ្លាក់ថ្ម រៀបផ្គុំថ្ម និងស្វែងរកថ្មជាដើម។

ជាក់ស្តែង លោក ព្រាន ដូរ អាយុ៣២ឆ្នាំ និងលោក តប់ តង អាយុ៥៨ឆ្នាំ ក្នុងចំណោមកម្មករជំនាញជាច្រើន កំពុងបំពេញតួនាទីរបស់ខ្លួន ជាអ្នកស្វែងរកថ្ម ដែលរលុះធ្លាក់ចល័តខុសពីទីតាំងដើម នៅការដ្ឋានជួសជុលខ្លោងទ្វារខាងត្បូង នៃប្រាសាទតាព្រហ្ម ដែលទទួលរងការខូចខាត បាក់ស្រុតរលុះថ្មស្ទើរតែទាំងស្រុង ជាយូរមកហើយឱ្យរឹងមាំឡើងវិញ។

លោក ព្រាន ដូរ បានឱ្យដឹងថា នៅការដ្ឋានជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម មានចំនួន២នាក់ ហើយការស្វែងរកថ្មប្រាសាទដែលរលុះធ្លាក់ និងចល័តខុសពីទីតាំង ដើម យកមករៀបផ្គុំឱ្យត្រូវឡើងវិញចួបការលំបាកច្រើន ដោយចំនួនថ្ម នៃតួខ្លោងទ្វារមានរាប់រយដុំ ថ្មខ្លះបានបែកបាក់ និងនៅរាយប៉ាយ។ ការស្វែងរកថ្មដែលរលុះធ្លាក់ ទាំងនោះបានទាល់តែ មានចិត្ត ព្យាយាមរកឱ្យឃើញផ្នែកណាមួយជាមុនសិន ទើបមានមូលដ្ឋានស្វែងរកថ្ម ទៅតាមល្បាក់ ជាបន្តបន្ទាប់។ លោក ព្រាន ដូរ បញ្ជាក់ថា ក្នុងចំណោមថ្មប្រាសាទដែលងាយស្រួលស្វែងរក គឺថ្មដែលមានក្បាច់។

ចំណែកលោក តប់ តង អាយុ៥៨ឆ្នាំ ជាកម្មករជំនាញស្វែងរកថ្មម្នាក់ទៀត ក៏បានលើកឡើង ប្រហាក់ប្រហែលគ្នាថា ការរកថ្មសម្រាប់យកទៅជួសជុលប្រាសាទឱ្យត្រូវតាមទីតាំងដើម និងបានពេញទម្រង់ដើមឡើងវិញមានសារសំខាន់ណាស់ ដើម្បីរក្សាភាពដើមរបស់ប្រាសាទផង និងធ្វើឱ្យសំណង់រឹងមាំឡើងវិញផង។ លោក តប់ តង បង្ហាញឆន្ទៈមុតមាំថា ក្នុងនាមលោក ជាអ្នកទទួលខុសត្រូវលើការងាររកថ្ម គឺលោកនឹងខិតខំប្រើជំនាញ និងទេពកោសល្យ ឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីជួយសង្គ្រោះខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម ដែលកំពុងដួលបាក់បែកឱ្យឈរដូចដើមវិញនៅពេលខាងមុខ៕

ដកស្រង់ពី៖ ខ្មែរថាមស៍