Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយក​រដ្ឋ​ម​ន្រ្តី​៖​ ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ ​អាច​ទទួល​អ្នកដំណើរ​បាន​ ​៥​០​លាន​នាក់​ក្នុង​មួយឆ្នាំៗ​

  • បោះពុម្ព

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាននិយាយកាលពីថ្ងៃអង្គារថា អាកាសយានដ្ឋានអន្តរជាតិតេជោនឹងជួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជំរុញការអភិវឌ្ឍភស្តុភារកម្ម និងលើកកម្ពស់ប្រជាប្រិយភាពរបស់កម្ពុជានៅទូទាំងពិភពលោក ហើយនៅពេលដែលអាកាសយានដ្ឋានអន្តរជាតិនេះបានបញ្ចប់ការសាងសង់នឹងអាចទទួលអ្នកដំណើរបាន ៥០លាននាក់ក្នុងមួយឆ្នាំៗ។

លោកនាយករដ្ឋមន្រ្តីបានដឹកនាំគណៈប្រតិភូរដ្ឋាភិបាលចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោដំណាក់កាលទី១ ដែលជាអាកាសយានដ្ឋានលំដាប់ 4F ដែលអាចទទួលយន្តហោះខ្នាតធំបំផុតរួមមាន Airbus A380 និង Boeing 747 ។

គូសបញ្ជាក់អំពីលក្ខណៈពិសេសនៃអាកាសយានដ្ឋាន លោកបានបន្ថែមថា គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិនេះ ចែកចេញជាបីដំណាក់កាល។ ដំណាក់កាលទី១ អាកាសយានដ្ឋាននឹងអាចសម្រួលអ្នកដំណើរបានប្រហែល១៣ លាននាក់ក្នុងមួយឆ្នាំ ដំណាក់កាលទី២ អាចទទួលអ្នកដំណើរបានចំនួន៣០ លាននាក់ ហើយដំណាក់កាលចុងក្រោយនឹងអាចទទួលអ្នកដំណើរបានរហូតដល់៥០ លាននាក់នៅពេលដែលគម្រោងត្រូវបានបញ្ចប់។

គំនិតផ្តួចផ្តើមសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ កើតចេញពីចក្ខុវិស័យរបស់សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានសម្រេចចិត្តសាងសង់អាកាសយានដ្ឋានអន្តរជាតិលើផ្ទៃដីទំហំ២៦០០ហិកតា ជាមួយនឹងទុនវិនិយោគចំនួន ១,៥ ពាន់លានដុល្លារ ដែលទទួលសាងសង់ដោយក្រុមហ៊ុន OCIC។ លោកបានបន្ថែមថា អាកាសយានដ្ឋានអន្តរជាតិដែលស្ថិតនៅនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល គឺជាទីតាំងយុទ្ធសាស្ត្ររវាងក្រុងតាខ្មៅ និងខេត្តតាកែវ។

លោកបានសង្កត់ធ្ងន់ថា អាកាសយានដ្ឋានអន្តរជាតិនេះ នឹងបម្រើគោលបំណងធំៗចំនួនបី ដោយសារវាមានសក្តានុពលក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ តាមរយៈគ្រឿងបរិក្ខារទំនើបៗ រួមចំណែកជំរុញការអភិវឌ្ឍន៍ផ្នែកភស្តុភារកម្ម បន្តក្លាយជាគម្រោងប្រវត្តិសាស្ត្រដែលនឹងលើកកម្ពស់ប្រជាប្រិយភាពរបស់កម្ពុជានៅទូទាំងពិភពលោក ហើយគម្រោងនេះនឹងទាក់ទាញលំហូរសេដ្ឋកិច្ចឆ្ពោះទៅកាន់ប្រជាជនដែលរស់នៅតំបន់ភាគនិរតីនៃប្រទេស។

លោកបានលើកឡើងទៀតថា “អាកាសយានដ្ឋានថ្មីនេះនឹងក្លាយជាកត្តាសំខាន់មួយក្នុងការរួមចំណែកទាក់ទាញភ្ញៀវទេសចរក្នុងរាជធានីភ្នំពេញ និងក្នុងប្រទេសទាំងមូល។ លើសពីនេះ វាក៏នឹងអាចទាក់ទាញពាណិជ្ជករបរទេសមកបណ្តាក់ទុនក្នុងប្រទេសយើង ពង្រីកផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋក្នុងស្រុក។ ទន្ទឹមនឹងនេះ ការដ្ឋានសំណង់របស់អាកាសយានដ្ឋានបានបង្កើតការងារសម្រាប់ប្រជាពលរដ្ឋប្រមាណ ៨ ពាន់នាក់»។

លោកបានបន្តទៀតថា លោកធ្លាប់បានឃើញអាកាសយាន្តដ្ឋានធំៗជាច្រើនលើពិភពលោក ប៉ុន្តែវាមិនបានធ្វើអោយលោករំភើបនោះទេ បើធៀបនឹងបានឃើញអាកាសយានដ្ឋានអន្តរជាតិនេះ ព្រោះវាជាកម្មសិទ្ធិរបស់ប្រជាជនកម្ពុជា ហើយគ្រប់គ្នាក្នុងប្រទេសគួរមានមោទនភាពចំពោះសមិទ្ធិផលដ៏អស្ចារ្យនេះ ព្រោះវាជាសមិទ្ធិផលប្រវត្តិសាស្ត្រដំបូងបង្អស់ដែលលេចឡើងនៅលើទឹកដីកម្ពុជា។

ពាក់ព័ន្ធនឹងព័ត៌មានអវិជ្ជមានស្តីពីគម្រោងព្រែកជីកហ្វូណនតេជោ ដែលផ្សាយតាមវិទ្យុ លោកនាយករដ្ឋមន្រ្តីមិនជឿថាមានមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និយាយផលអវិជ្ជមាន លើគម្រោងព្រែកជីកហ្វូណន-តេជោ ដូចការផ្សាយរបស់វិទ្យុនោះទេ។

យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់មានតម្លៃ ១,៧ ពាន់លានដុល្លារ ដែលគេស្គាល់ថាជាគម្រោង “ព្រែកជីកហ្វូណនតេជោ” ដែលគ្រោងនឹងបើកការដ្ឋានសាងសង់មុនដំណាច់ឆ្នាំនេះ។

ក្នុងឱកាសនោះ ក៏មានវត្តមានលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ពុង ឃាវសែ ធនាគារកាណាឌីយ៉ា និងក្រុមហ៊ុន OCIC និងលោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី រួមជាមួយវិស្វករ និងភ្ញៀវកិត្តិយស កម្មករសំណង់ និងក្រុមអ្នកជំនាញសរុបចំនួន ៨០០ នាក់ក៏បានចូលរួមក្នុងព្រឹត្តិការណ៍កាលពីម្សិលមិញដែរ។

ដកស្រង់ពី៖ ខ្មែរថាមស៍