Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ផ្តល់ផលរីកចម្រើនដល់វិស័យសេដ្ឋកិច្ច ផ្តល់ការងារជូនពលរដ្ឋ និងគាំទ្រការរីកចម្រើនវិស័យទេសចរណ៍

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ គឺផ្តល់ផលរីកចម្រើនដល់វិស័យសេដ្ឋកិច្ច ពន្ធដារ ផ្តល់ការងារជូនពលរដ្ឋ និងគាំទ្រការរីកចម្រើនវិស័យទេសចរណ៍។

ការថ្លែងបែបនេះរបស់សម្ដេចធិបតី ធ្វើឡើងនាឱកាសចុះពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងសំណេះសំនាលជាមួយអ្នកជំនាញ កម្មករ-កម្មការិនីក្នុងការដ្ឋាន នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។ សម្ដេចបានឱ្យដឹងថា វត្តមានព្រលានយន្តហោះអន្តរជាតិតេជោនេះនឹងបង្កើនសេដ្ឋកិច្ចនៅជុំវិញតំបន់នេះ តាមរយៈការផ្ដល់ការងារដល់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ ជួយជំរុញដល់ការអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ។

សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «ព្រលានយន្តហោះនេះមិនត្រឹមតែជានិមិត្តរូបនៃការរីកចម្រើនប៉ុណ្ណោះទេ យើងមិនត្រឹមតែធ្វើសម្រាប់តែល្អមើលនោះទេ........តែព្រលានយន្តយើងនេះ គឺនឹងបន្តផ្ដល់ការងារផ្ទាល់ដល់បងប្អូនដែលធ្វើការនៅទីនេះរាប់ម៉ឺននាក់បន្តទៀត ហើយនឹងបញ្ចូលនូវកំណើនសេដ្ឋកិច្ចជាតិតាមរយៈការបង់ពន្ធផ្សេងៗ»។

សម្ដេចធិបតីក៏យល់ឃើញថា ព្រលានយន្តហោះអន្តរជាតិតេជោ ច្បាស់ជាចូលរួមគាំទ្រការរីកចម្រើនដល់វិស័យទេសចរណ៍។ ព្រលានយន្តហោះចាស់អាចទទួលភ្ញៀវបាន៥.៦លាននាក់ ខណៈនៅព្រលានថ្មីនេះមានផ្លូវចុះជាង៤គីឡូម៉ែត្រ ដូច្នេះយន្តហោះធំៗដែលហោះហើរត្រង់មកពីសហរដ្ឋអាមេរិក អឺរ៉ុប សុទ្ធតែអាចចុះចតបាន។ ម្យ៉ាងវិញទៀត ព្រលានយន្តហោះអន្តរជាតិតេជោ នឹងចូលរួមសម្រេចការរំពឹងកំណើនភ្ញៀវទេសចរអន្តរជាតិ១០លាននាក់ ២០លាននាក់ រហូតដល់៥០លាននាក់ មកកាន់កម្ពុជានាឆ្នាំបន្តបន្ទាប់ ខណៈទេសចរក្នុងស្រុកទៅក្រៅស្រុកក៏មិនតិចដែរ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីការកសាងផ្លូវតភ្ជាប់ទៅកាន់គោលដៅទេសចរណ៍យ៉ាងច្រើនផងដែរ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងបង្កើនសេដ្ឋកិច្ចនៅមូលដ្ឋានជូនប្រជាពលរដ្ឋ ប្រជាសហគមន៍ជាដើម៕

ដកស្រង់ពី៖Fresh News