Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្ទីរ​ទេសចរណ៍ និង​រដ្ឋបាល​ខេត្តពោធិ៍សាត់ បំភ្លឺ​ពាក់ព័ន្ធ​ផ្ទះ​បណ្តែត​ទឹក នៅ​កំពង់​លួង ភាគច្រើន​ជាខ្មែរ

  • បោះពុម្ព

ខេត្តពោធិ៍សាត់ ៖ រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធកាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយ តាមបណ្ដាញព័ត៌មានសង្គមរបស់គណនីហ្វេសប៊ុកផេកឈ្មោះ KHMER ដែលមានខ្លឹមសារថា ៖ អស្ចារ្យមែន! ស្ងាត់ភ្ញៀវខាងកើតចូលមកធ្វើផ្ទះបណ្តែតទឹកពេញបឹងកំពង់លួង ខេត្តពោធិ៍សាត់.. កម្ពុជាអើយ តទៅមុខទៀតទៅជាយ៉ាងណាទៅ ។

ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានបំភ្លឺដូចខាងក្រោម ៖ ១. ឃុំកំពង់លួង ជាឃុំបណ្ដែតទឹក ដែលមានប្រជាពលរដ្ឋរស់នៅលើផ្ទៃទឹកជាអចិន្ត្រៃយ៍ ចំនួន៤ភូមិ មិនថា នៅរដូវទឹកឡើង ឬរដូវទឹកស្រក ដែលបានរស់នៅបែបនេះ ជាយូរណាស់មកហើយ និងក្លាយជាទម្លាប់របស់ពួកគាត់ ។

២. នៅរដូវទឹកឡើង ប្រជាពលរដ្ឋមានការរស់នៅជាលក្ខណៈ រាយប៉ាយ ដោយមានទីតាំងទៅតាមព្រែក និងប្រឡាយ..។

៣. នៅរដូវទឹកស្រក ប្រជាពលរដ្ឋបានផ្លាស់ទីទៅរស់នៅផ្នែកខាងក្រោម មានលក្ខណៈ ប្រមូលផ្តុំគ្នា ដែលមើលទៅឃើញរូបភាពច្រើនកុះករ ។

៤. ទន្ទឹមនឹងមានការបម្លាស់ទីចុះឡើងតាមស្ថានភាពទឹកឡើង ទឹកស្រកនោះ សេវាសាធារណៈ ក៏បានផ្លាស់ទៅតាមពួកគាត់ដែរ ដូចជា សាលារៀនបណ្ដែតទឹក មណ្ឌលសុខភាពបណ្តែតទឹក និងសាលា ទ្រទ្រង់ព្រះពុទ្ធសាសនាបណ្តែតទឹកជាដើម ។

៥. ប្រជាពលរដ្ឋទាំងអស់នេះ មិនមានការកើនឡើង ដូចអ្វីដែលបណ្តាញសង្គមហ្វេកប៊ុកបានផ្សព្វផ្សាយនោះឡើយ។ អាជ្ញាធរ និងមន្ត្រីជំនាញ បានធ្វើការគ្រប់គ្រងយ៉ាងម៉ត់ចត់ ស្របតាមច្បាប់ និងលិខិតបទដ្ឋាននានា ។

ផ្អែកលើមូលដ្ឋានខាងលើនេះ រដ្ឋបាលខេត្តពោធិ៍សាត់ សូមបដិសេធទាំងស្រុងចំពោះព័ត៌មានដែលបាន ចុះផ្សាយផ្ទុយពីការពិតជាក់ស្តែង ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសប្រមុខរាជរដ្ឋាភិបាល ដែលលោកតែងតែយកចិត្តទុកដាក់លើការការពារបូរណភាពទឹកដី ដោយមិនខ្លាចនឿយហត់ដើម្បីបុព្វហេតុជាតិមាតុភូមិ ។

ជុំវិញការផ្សព្វផ្សាយផ្ទះបណ្តែតទឹកនៅកំពង់លួងខាងលើនេះ ត្រូវបានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៥ ខែកុម្ភៈ បានអោយដឹងថា បន្ទាប់ពីមានការផ្សព្វផ្សាយពីសក្ដានុពលសហគមន៍ទេសចរណ៍ភូមិបណ្តែតកំពង់លួង ស្ថិតនៅឃុំកំពុង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ តាមទស្សនទាន ទស្សនាខេត្តពោធិ៍សាត់នាគិម្ហៈរដូវ ក្រុមការងារផលិត និងផ្សព្វផ្សាយរបស់មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានសង្កេតឃើញថា មានការយកព័ត៌មានផ្សព្វផ្សាយទេសចរណ៍ ពីសំណាក់ជនអគតិ ទៅបំភ្លៃ មួលបង្កាច់ថ្នាក់ដឹកនាំកំពូលរបស់រាជរដ្ឋាភិបាល ដោយចោទប្រកាន់ដោយគ្មានមូលដ្ឋាន តាមរយៈបណ្ដាញសង្គម Facebook TikTok និង Platform ផ្សេងៗ ក្រោមប្រធានបទ អំពី ជនជាតិវៀតណាម កំពុងរស់នៅពេញផ្ទៃបឹងទន្លេសាប ក្នុងមូលដ្ឋានភូមិបណ្តែតទឹក ឃុំកំពង់លួង ។ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានបញ្ជាក់ថា សហគមន៍ភូមិបណ្តែតទឹកកំពង់លួង ជាសហគមន៍ទេសចរណ៍ ដែលកំពុងអនុវត្តសកម្មភាពទេសចរណ៍ ដោយប្រជាសហគមន៍ ភាគច្រើនជាប្រជាពលរដ្ឋខ្មែរ ដែលតាំងទីលំនៅលើភូមិបណ្តែតទឹកតាំងពីបុរាណកាលមក ដូចភូមិបណ្តែតទឹកនានានៅតាមផ្ទៃបឹងទន្លេសាប តាមបណ្ដាខេត្តនៅជុំវិញបឹងទន្លេសាប ។

មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយថាមពល និងគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី និងដោយមានក្រសួងទេសចរណ៍ ជាសេនាធិការ បានយកចិត្តទុកដាក់លើកកម្ពស់ និងជម្រុញវិស័យទេសចរណ៍ ដែលជាវិស័យអាទិភាព ដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពប្រជាជននៅគ្រប់មូលដ្ឋានបានរីកចម្រើន ក្រោមម្លប់នៃសុខសន្តិភាព ។ អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រុមការងារផលិត និងផ្សព្វផ្សាយមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ សូមបដិសេធទាំងស្រុង ពីការបំផ្លើស បំភ្លៃព័ត៌មានពីសំណាក់ជនអគតិ ដែលបានចោទប្រកាន់គ្មានមូលដ្ឋានមកលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល តាមរយៈរូបភាពឯកសារផ្សព្វផ្សាយព័ត៌មានទេសចរណ៍ ៕

ដកស្រង់ពី៖កោះសន្តិភាព