ខេត្តសៀមរាបនឹងរៀបចំពិធីបុណ្យទន្លេលើកទី៨ នៅខែមីនាឆ្នាំ២០២៤ ខាងមុខ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានទេសចរណ៍
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ខេត្តសៀមរាប នឹងរៀបចំពិធីបុណ្យទន្លេលើកទី៨ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។
ព័ត៌មាននេះត្រូវបានចែករំលែកដោយលោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយលោកបានបន្ថែមថា ព្រឹត្តិការណ៍នេះនឹងមានការសម្តែងសិល្បៈ ការតាំងពិពណ៌ និងសកម្មភាពវប្បធម៌ និងកីឡា ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅក្នុងខេត្តនេះ។
លោកបានបន្តថា វាគឺជាផ្នែកមួយនៃយុទ្ធនាការធ្វើពិពិធកម្មទេសចរណ៍តាមរយៈការរៀបចំព្រឹត្តិការណ៍នានា និងគំនិតផ្ដួចផ្ដើមថ្មីៗ។
ព្រឹត្តិការណ៍នេះក៏នឹងក្លាយជាឱកាសមួយដើម្បីលើកកម្ពស់ការចូលរួមរបស់សាធារណៈជនក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៃធនធានទន្លេ។
ពិធីបុណ្យទន្លេត្រូវបានរៀបចំវិលជុំជារៀងរាល់ឆ្នាំតាមខេត្តជាប់ទន្លេ។ ពិធីបុណ្យទន្លេលើកទីមួយត្រូវបានរៀបចំនៅខេត្តក្រចេះក្នុងឆ្នាំ២០១៥ បន្ទាប់មកនៅខេត្តស្ទឹងត្រែង កំពង់ចាម និងត្បូងឃ្មុំ កណ្តាល កំពង់ឆ្នាំង បាត់ដំបង និងកំពង់ធំជាបន្តបន្ទាប់។
ដកស្រង់ពី៖ ខ្មែរថាមស៍