រថយន្តដឹកឥដ្ឋ ១គ្រឿងដាច់ហ្វ្រាំងធ្លាក់ផ្លូវ បណ្ដាលឲ្យអ្នកបើកបរនិងព្រូឡាន រងរបួសធ្ងន់នៅស្រុកកោះកុង
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានសន្តិសុខសង្គម
(កោះកុង)៖ រថយន្តដឹកឥដ្ឋ ១គ្រឿង ផ្ទុកឥដ្ឋពេញ មួយឡាន បានជួបគ្រោះ ថ្នាក់ចរាចរណ៍ ដោយសារដាច់ហ្វ្រាំង រេចង្កូតធ្លាក់ផ្លូវ បណ្ដាលឲ្យអ្នកបើកបរ និងព្រូឡាន រងរបួសធ្ងន់ធ្ងរ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ តាមបណ្ដោយ ផ្លូវជាតិលេខ៤៨ ស្ថិតនៅចំណោទតាតៃ ឃុំតាតែ ស្រុកកោះកុង ខេត្តកោះកុង ។
មន្ដ្រីនគរបាល មូលដ្ឋាន បានឲ្យដឹងថា មុនពេលកើត គេឃើញរថយន្ដ ដឹកឥដ្ឋមួយគ្រឿង ម៉ាកហ៊ីយ៉ានដាយ ពាក់ស្លាកលេខ ភ្នំពេញ 3A-2433 បើកបរក្នុងទិសដៅ ពីភ្នំពេញ ទៅខេត្តកោះកុង លុះមកដល់ចំណុច ខាងជាផ្លូវ ឡើងចំណោត ដោយសាររថយន្ដ ដឹកធ្ងន់ផងនោះ ស្រាប់តែដាច់ហ្រ្វាំង បណ្ដាលឲ្យរថយន្ដ រេចង្កូតធ្លាក់ផ្លូវ តែម្ដង ។
មន្ដ្រីដដែលបន្ដថា ពេលនោះ អ្នកបើកបរ រួមជាមួយព្រូឡាន បានបើកទ្វារ រថយន្ដលោតចុះ ក៏បណ្ដាលឲ្យ បោកក្បាលនឹងថ្នល់ របួសធ្ងន់ធ្ងរទាំង ២នាក់ ។ សមត្ថកិច្ច បានបញ្ជាក់ដែរថា ក្រោយពេលកើតហេតុ អ្នកបើកបរ ឈ្មោះ ទេស ព្រូន និងព្រូឡាន ឈ្មោះ ជន អ៊ូន ដែលរងរបួសនោះ ត្រូវបានដឹកយក ទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ។ សមត្ថកិច្ច បានបន្ថែមថា សូមអ្នកបើកបរ ទាំងអស់មាន ការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ ក្នុងការបើកបរ ហើយត្រូវគោរពស្លាកសញ្ញា នៅតាមដងផ្លូវផង ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ ៕