Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ក្រោយ​លួច និង​ទទួល​ទិញ​ស្លាក​លេខ​រថយន្ត

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បុរសដែលជាជនសង្ស័យ ២នាក់ ជាអ្នកធ្វើសកម្មភាពលួចស្លាកលេខរថយន្ត រួមជាមួយនិងស្ត្រីម្នាក់ទៀត ដែលជាអ្នកទទួលទិញ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ដង្កោ ធ្វើការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាព រហូតឈានដល់ការឃាត់ខ្លួនបានជាបន្តបន្ទាប់តែម្ដង ។

ការឃាត់ខ្លួននោះបានធ្វើឡើងកាលពីវេលាម៉ោង០៧និង១០នាទីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនសង្ស័យ រួមមាន ៖ ១, ឈ្មោះ ផាត ផាន់ណារ៉ូ ភេទប្រុស ២, ឈ្មោះ ហេង អានសុទ្ធារី ភេទប្រុស ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី០២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ និង៣, ឈ្មោះ ម៉េង ដាវី ហៅ នី ភេទស្រី អាយុ៣៩ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យនោះដែរ គឺជាអ្នកទទួលទិញ ឬទទួលផលចោរកម្ម ។

តាមប្រភពព័ត៍មានបានដឹងថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៥ល្ងាច ម្ចាស់បានបើករថយន្តរបស់ខ្លួន ០១គ្រឿងម៉ាក LEXUS RX – 330 ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BA-7839 ចេញពីធ្វើការនៅក្រសួងមហាផ្ទៃ ឆ្ពោះទៅផ្ទះស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ ពេលទៅដល់ផ្ទះគាត់បានទុករថយន្តនៅខាងមុខផ្ទះដូចសព្វដង បន្ទាប់មកក៏បានចូលទៅក្នុងផ្ទះសម្រាក លុះព្រឹកឡើង វេលាម៉ោង០៧និង១០នាទី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ក្រោយភ្ញាក់ពីដំណេកដើរចេញមកខាងមុខផ្ទះ ស្រាប់តែបាត់ស្លាកលេខរថយន្តទាំងខាងមុខ និងខាងក្រោយ ។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះម្ចាស់រថយន្ត បានឆែកមើលកាមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅមុខផ្ទះ ឃើញជនសង្ស័យម្នាក់ បានមកធ្វើសកម្មភាពលួចស្លាកលេខរថយន្ត របស់គាត់នៅវេលាម៉ោង០២រំលងអធ្រាត ថ្ងៃទី០១ ខែឧសភា។ បន្ទាប់មកគាត់ក៏បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឲ្យជួយស្រាវជ្រាវរកជនសង្ស័យ លុះដល់ថ្ងៃទី៥ ខែឧសភា នគរបាលបានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបុរស ដែលជាជនសង្ស័យ២នាក់ នៅបន្ទប់ជួលខាងលើរួចនាំទៅធ្វើការសាកសួរ ។ ប្រភពខាងលើបានបញ្ជាក់ប្រាប់ទៀតថា ក្រោយសួរនាំជនសង្ស័យឈ្មោះ ផាត ផាន់ណារ៉ូ និងឈ្មោះ ហេង អានសុទ្ធារី បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពលួចដោះយកស្លាកលេខរថយន្ត LEXUS RX-330 របស់ជនរងគ្រោះមែន។

បន្ទាប់មកពួកខ្លួនបានយកទៅលក់ឱ្យស្ត្រីម្នាក់ឈ្មោះ ម៉េង ដាវី ហៅ នី ក្នុងតម្លៃ ២០០,០០០រៀល (ម្ភៃម៉ឺនរៀល) ។ លុះដល់វេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃខែឆ្នាំដដែល នគរបាលបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉េង ដាវី ហៅ នី នៅតាមផ្លូវមុនីរ៉េត ស្ថិតនៅក្នុងភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ហើយដកហូតវត្ថុតាង រួចនាំយកមកសាកសួរ និងចាត់ការតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព