Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

២​ខែ​ឆ្នាំ​២០២៤ ​សមត្ថកិច្ចក្រសួងមហាផ្ទៃ ​បង្ក្រាប​ល្បែង​ខុសច្បាប់ ​៣០០​ទីតាំង ឃាត់ខ្លួន​ជិត​ ៥០០​នាក់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល២ខែដើមឆ្នាំ២០២៤នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ចំនួន៣០០ទីតាំង លើ១៩ រាជធានី-ខេត្ត ដោយឃាត់ខ្លួនមនុស្សសរុប ចំនួន ៤៩៦នាក់ ។

បើតាមការគូសបញ្ជាក់របស់លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា គិតពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដល់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ចំនួន៣០០ទីតាំង លើ១៩ រាជធានីខេត្ត ដោយឃាត់ខ្លួនមនុស្សសរុប ចំនួន ៤៩៦នាក់ ។

អ្នកនាំពាក្យរងរូបនេះ បន្តថា ក្នុងចំណោមទាំង៣០០ទីតាំង ដែលបង្ក្រាបបាននោះ សមត្ថកិច្ចនគរបាលបានចាត់វិធានការច្បាប់ចំនួន៦៩ទីតាំង លើ១៥រាជធានី-ខេត្ត ពោលគឺកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅកាន់តុលាការ ដែលមានជនសង្ស័យ១៩៤នាក់ផងដែរ ។ លោក ទូច សុឃៈ អះអាងថា ក្នុងចំណោម៦៩ទីតាំង ដែលបញ្ជូនទៅតុលាការនេះ ក៏មាន Game Online ខុសច្បាប់ចំនួន១ទីតាំង និងឃាត់ខ្លួនជនសង្ស័យ ចំនួន៦នាក់។ ការលេងល្បែងភ្នាល់តាម Internet ជ្រកក្រោមផ្លាកអាជីវកម្ម ឬអាជ្ញាប័ណ្ណចំនួន ៧ទីតាំង ឃាត់ខ្លួនជនសង្ស័យចំនួន ៣១នាក់។ ក្រៅពីនេះ មានល្បែងផ្សេងៗ ដែលកើតតាមមូលដ្ឋានចំនួន៦១ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ១៥៧នាក់ ។

អ្នកនាំពាក្យរង ដដែលបានបញ្ជាក់ទៀតថា ក្រៅពីការចាត់វិធានច្បាប់ នគរបាលក្រសួងមហាផ្ទៃ ក៏បានចាត់វិធានការរដ្ឋបាលផងដែរនៃចំនួនទាំង៣០០ទីតាំង ដែលបង្ក្រាប។

ក្នុងនោះ ចាត់វិធានការរដ្ឋបាល បានចំនួន២៣១ទីតាំង លើ១០រាជធានី-ខេត្ត ដោយបានអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្តិ លើមនុស្សចំនួន ៣៣៩នាក់ ។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បន្តថា អនុវត្តតាមបទបញ្ជា និងគោលការណ៍ «សម្អាតផ្ទះយើង» របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាដឹកនាំកម្លាំងជំនាញតាំងពីថ្នាក់អគ្គស្នងការដ្ឋាន រហូតដល់ស្នងការដ្ឋាន ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងជាប្រចាំ ដើម្បីប្រសិទ្ធផលនៃគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យស្របតាមទស្សនៈ«អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»។ ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គឺជាមុខសញ្ញាមួយក្នុងចំណោមទិសដៅអាទិភាពទាំង៦របស់ក្រសួងមហាផ្ទៃ ដែលដាក់ចេញដោយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីកាលពីដើមអាណត្តិទី៧ រួមមាន បញ្ហាគ្រឿងញៀន បញ្ហាចរចារណ៍ បទល្មើសព្រហ្មទណ្ឌទូទៅ បញ្ហាក្រុមក្មេងទំនើង ការជួញដូរមនុស្ស និងការដោះស្រាយបញ្ហាតាមព្រំដែនទាំងគោកនិងទឹក៕

ដកស្រង់ពី៖កោះសន្តិភាព