ប្រុសស្រី2នាក់ចប់ត្រឹមសមត្ថកិច្ចទាន់ ខណៈកំពុងដឹកតាមកង់ទៅជួបបក្សពួក
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានសន្តិសុខសង្គម
ខេត្តសៀមរាប ៖ នគរបាលបុស្តិ៍សង្កាត់ជ្រាវ ក្រុងសៀមរាប សហការជាមួយកម្លាំងនគរបាលការិយាល័យអន្តរាគមន៍ខេត្ត បានឃាត់ខ្លួនជនសង្ស័យក្នុងបទល្មើសជាក់ស្ដែងចំនួន២នាក់ កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពយកកូនកាំបិតចិតបន្លែចៀរធុងទឹកកក (កន្លែងសម្រាប់ចាក់សោ) លួចយកភេសជ្ជ:ពីក្នុងធុង នៅចំណុចតូបលក់១កន្លែង ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។
ប្រភពព័ត៌មានពីនគរបាលមូលដ្ឋានឲ្យដឹងថា ម្ចាស់ធុងទឹកកកនេះឈ្មោះ ប៉ោ សុខណេង ភេទស្រី អាយុ៣៣ឆ្នាំ មានមុខរបរលក់អីវ៉ាន់គ្រឿងទេស ។ ចំណែកជនសង្ស័យទាំង២នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចយកភេសជ្ជៈទាំងនោះដាក់ចូលក្នុងការុងហើយ ក៏ដឹកតាមកង់ទៅរកជួបបក្ខពួកគេចំនួន២នាក់ទៀត ដើម្បីលក់ តែត្រូវបានកម្លាំងនគរបាលល្បាតហើយប្រទះឃើញ ក៏នាំខ្លួនមកសាកសួរ ។
យុវជនសង្ស័យទាំង២នាក់នេះ ម្នាក់ឈ្មោះទូច ញ៉ាញ់ ភេទស្រី អាយុ១៩ឆ្នាំ និងម្នាក់ទៀតភេទប្រុស អាយុ១៤ឆ្នាំ ទាំង២នាក់មានទីលំនៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ នៅពេលសាកសួរ ជនសង្ស័យទាំង២នាក់ឆ្លើយថា ពួកគេពិតជាបានធ្វើសកម្មភាពកាត់សោធុងទឹកកកលួចយកភេសជ្ជៈមែន ។
ជាមួយនឹងការចាប់ឃាត់ខ្លួននេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ភេសជ្ជៈខារ៉ាប៉ាវ២០កំប៉ុង ទឹកក្រូចIZE៧ដប បាកាស៧កំប៉ុង គោជល់៥កំប៉ុង ស្រាបៀរហ្គែនស្បឺត១៥កំប៉ុង កូនកាំបិតចំនួន២ កង់២គ្រឿង និងកូនកន្ត្រៃ១ ។ ក្រោយពេលសួរនាំរួច ជនសង្ស័យ២នាក់ រួមនឹងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕
ដកស្រង់ពី៖កកោះសន្តិភាព