នៅហាងកាហ្វេទីនេះ ជាទីតាំងភ្នាល់ល្បែងជល់មាន់អនឡាញ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានសន្តិសុខសង្គម
ខេត្តសៀមរាប ៖ ល្បែងជល់មាន់តាមប្រព័ន្ធអនឡាញ ភ្នាល់គ្នាដាក់លុយជាច្រើននៅហាងកាហ្វេជាប់និងផ្សារថ្នល់ចែក ស្រុកសូទ្រនិគម កើតមានយូរណាស់មកហើយ តែគ្មានឃើញសមត្ថកិច្ចខាងណាបង្ក្រាបសោះឡើយ។
គេបានដាក់ការសង្ស័យថា អធិការនគរបាលស្រុកនិងអាវុធហត្ថស្រុកខាងលើ អាចពាក់ព័ន្ធនិងបនល្បែងខាងលើ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា កន្លែងជល់មាន់ភ្នាល់គ្នាដាក់លុយយ៉ាងគគ្រឹកគគ្រេងនៅទីនោះ មានទីតាំងនៅភូមិថ្នល់ចែក ឃុំគៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប និងបានធ្វើឲ្យមានការរំខានដល់ប្រជាពលរដ្ឋដែលរស់នៅទីនោះ ដោយមានសម្លេងហូរកញ្ច្រៀវពីអ្នកញៀនល្បែងទាំងនោះ ដែលមិនខ្លាចរអែងចិត្តអ្នកដទៃ ហើយនគរបាលស្រុក និងអាវុធហត្ថ ស្រុកហាក់ដូចជាពុំសូវដឹងឮទាល់តែសោះ។
គេដាក់ការសង្ស័យថា សមត្ថកិច្ចស្រុកសូទ្រនិគមត្រូវថ្នាំសណ្តំរបស់ម្ចាស់ទីតាំងខាងលើ ទើបមិនចុះទៅហាមឃាត់និងបង្ក្រាបម្តងណាឡើយ។ករណីនេះគឺវាផ្ទុយស្រឡះ និងគោលនយោបាយភូមិឃុំមានសុវត្ថភាព ទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល ជាពិសេសបទបញ្ជារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានដាក់បទបញ្ជាបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងមូលដ្ឋានឲ្យបានថមថយនោះ។
ទាក់ទិនករណីនេះដែរ លោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនគរបាលស្រុកសូទ្រនិគម ធ្លាប់បានឲ្យដឹងថា ករណីខាងលើនេះខាងលោកមិនបានដឹងនោះទេ ហើយលោកបានឲ្យកូនចៅរបស់លោកទៅមើល ហាងកាហ្វេខាងលើនេះ ហើយក៏ឃើញមានលេងពិតប្រាកដមែន។ លោកបន្តថា បន្ទាប់ពីនគរបាលចុះទៅមើលពួកអ្នកលេងល្បែងទាំងនោះបាននាំគ្នារត់បាត់អស់។
លោកបន្តថា សព្វថ្ងៃ គេផ្អាកហើយ តែសង្ស័យគេនៅលេងប្រដាល់ ថ្ងៃសៅរ៍ និងអាទិត្យ ។ ចំណែក លោកមេបញ្ការអាវុធហត្ថស្រុកសូទ្រនិគម ក៏បានឲ្យដឹងថា លោកមិនដឹងដែររឿងហ្នឹង ព្រោះកន្លែងនោះប៉ូលិស ធ្លាប់ចុះបិទម្តងមកហើយ ។
លោកបន្តថា ចាំស្អែកនិងឲ្យកូនចៅចុះទៅមើល។ ចំណែក លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា ករណីខាងលើ នេះលោក នឹងឲ្យខាងស្រុកចុះទៅបង្ក្រាប ។
ដកស្រង់ពី៖កោះសន្តិភាព