Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋបាលខេត្តត្បូងឃ្មុំ ត្រៀមរួចរាល់រៀបចំពិធីចាប់ត្រី នៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ នាថ្ងៃ១៧ កុម្ភៈខាងមុខនេះ ឲ្យកាន់តែអធិកអធម

  • បោះពុម្ព

ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំក្រុមការងារដើម្បីរៀបចំពិធីចាប់ត្រី នៅក្នុងបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី នាយក/នាយករងរដ្ឋបាលខេត្ត ប្រធាន/អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាល/អភិបាលរងស្រុក/ក្រុងទាំង៧ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា បានលើកឡើងថា ៖ ដើម្បីរំលឹកថែរក្សាអភិរក្សកេរ្តិ៍តំណែលដូនតាពីបុរាណតរៀងមក រដ្ឋបាលខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព និងមន្ត្រីរាជការជុំវិញខេត្ត បានរៀបចំពិធីចាប់ត្រីតាមបែបប្រពៃណីបុរាណ នៅបឹងក្រម ឬត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ប៉ុន្មានថ្ងៃ ខាងមុខនេះ។

ក្នុងកម្មវិធីនេះ មានការចុះចាប់ត្រីយកចំអិនហូបជុំគ្នារាំលេងកំសាន្ត ពិសេសអ្នកដែលចាប់បានច្រើន ទទួលបានប្រាក់រង្វាន់ លេខ១ លេខ២ លេខ៣ និងរង្វាន់លើកទឹកចិត្ត ពីឯកឧត្តមអភិបាលខេត្ត និងលោកជំទាវផងដែរ។

ជាមួយគ្នានោះ ឯកឧត្តម អភិបាលរងខេត្តត្បូងឃ្មុំ ក៏បានលើកទឹកចិត្តដលក្រុមការងារនិង កម្លាំងការពារ គ្រប់គោលដៅ ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ សូមសហការគ្នាក្នុងការបំពេញការងារ ក្នុងព្រឹត្តិការណ៍ខាងនេះ អោយទទួលបានជោគជ័យផងដែរ។ តមកនាព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក៏បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងដោយផ្ទាល់នៅទីតាំងចាប់ត្រី នៅបឹងត្រពាំងក្រម។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលរងខេត្ត បានជម្រុញដល់មន្ទីរ/អង្គភាពជំនាញ ពាក់ព័ន្ធជាពិសេសក្រុមគ្រូពេទ្យ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុខសុវត្ថិភាព ជូនអ្នកចូលរួមនៅក្នុងពិធីឲ្យប្រព្រឹត្តទៅបានរលូន ទទួលបានសុវត្ថិភាពខ្ពស់។

ក្នុងនោះដែរ ជម្រុញការគ្រប់គ្រង និងរក្សាការពារនូវអនាម័យ និងធានាថាស្អាត មិនថាអំឡុងពេលពិធី និងក្រោយពេលពិធីបុណ្យរួច ព្រមទាំងធានាថាស្អាតគ្រប់ពេលវេលា ដើម្បីធានានូវផាសុខភាពដល់ប្រជាពលរដ្ឋដែលបានមកក្នុងព្រឹត្តិការណ៍នេះផងដែរ។

សូមជម្រាបថា ៖ ចំពោះការចាប់ត្រីពលរដ្ឋអាចប្រើប្រាស់បានតែឧបករណ៍បុរាណប៉ុណ្ណោះ ដូចជា៖ អង្រុត ឈ្នាង និងត្រកជាដើម ដើម្បីចាប់ត្រីក្នុងពិធីនេះ ដោយតំបន់បឹងក្រមមានផ្ទៃដីប្រមាណ ៣០ហិកតា និងផ្ទៃបឹងទំហំ១ហិកតា៕