Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំពាក់ព័ន្ធនានា និងស្ដាប់របាយការណ៍ស្ដីពីវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅខេត្តត្បូងឃ្មុំ

  • បោះពុម្ព

(ត្បូងឃ្មុំ)៖ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ នៅសាលប្រជុំ គ (សាលធំ) សាលាខេត្តត្បូងឃ្មុំ ឯកឧត្ដម ណុប ឡងឌី អភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត តំណាងឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណអភិបាលខេត្ត នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និង លោកជំទាវឧត្តមសេនីយ៍ឯក ឈឹម សិទ្ធិបុណ្យរិទ្ធ អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ ) បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំពាក់ព័ន្ធនានា និងស្ដាប់របាយការណ៍ស្ដីពីវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅខេត្តត្បូងឃ្មុំ ។

កិច្ចប្រជុំផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពី លោកឯកឧត្ដមឧត្ដមសេនីយ៍ ប្រតិភូអមដំណើរ លោកឧត្ដមសេនីយ៍ ប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត តំណាងសាលាដំបូងខេត្ត លោក លោកស្រីប្រតិភូ អគ្គលេខាធិការ អ.ជ.ប.គ.ញ លោកនាយករដ្ឋបាលសាលាខេត្ត លោកឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោក លោកស្រី អនុប្រធាន មន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលរងក្រុង ស្រុកទាំង៧ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន លោកអធិការ អធិការរង នៃអធិការដ្ឋាននគរបាលក្រុងស្រុកទាំង៧ លេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្ត និងអ្នកពាកព័ន្ធ ជាច្រើនរូប។

បន្ទាប់ពីការមានមតិស្វាគមន៍ ពីសីសំណាក់ ឯកឧត្ដម ណុប ឡងឌី អភិបាលរងខេត្តត្បូងឃ្មុំ ដោយបានលើកឡើងពីរបាយការណ៍ ក៏ដូចជាសភាពការណ៍គ្រឿងញៀន នៅទូទាំងក្នុងខេត្តត្បូងឃ្មុំ រួចមក លោកវរសេនីយឯក ហុង គឹមហឿន ស្នងការរងនគរបាលខេត្តត្បូងឃ្មុំ ក៏បានអានរបាយការណ៍លម្អិតស្តីពីវឌ្ឍនភាព ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន រយៈពេលកន្លងមក ជូនអង្គពិធីជ្រាបផងដែរ ។

ក្នុងឱកាសនោះដែរ បន្ទាប់ពី លោកជំទាវឧត្តមសេនីយ៍ឯក ឈឹម សិទ្ធិបុណ្យរិទ្ធ អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអានមតិ ផ្សព្វផ្សាយឯកសារ របស់ អ.ជ.ប.គ.ញ រួចមក លោកជំទាវឧត្តមសេនីយ៍ បានលើកឡើងថា ចាប់តាំងរាជរដ្ឋាភិបាលបានបង្កើតអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនពីឆ្នាំ១៩៩៦ គឺមានរយៈពេល ២៧ឆ្នាំហើយ ក្រោមការដឹកនាំចង្អុរបង្ហាញពីសំណាក់អតីតថ្នាក់ដឹកនាំ ដែលប្រកបដោយគតិបណ្ឌិត គឺ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចក្រឡាហោម ស ខេង ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបង្កើតច្បាប់ យន្តការ និងបានដាក់ចេញនូវវិធានការនានាជាបន្តបន្ទាប់ ដូចជា ផែនការណែនាំស្តីពីការអនុវត្ត ប្រៀបសមរភូមិប្រឆាំងបទល្មើសគ្រឿងញៀន បទបញ្ជាស្តីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព និងផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ចំនួន ៨ លើក ក៏ប៉ុន្តែបញ្ហាគ្រឿងញៀននៅតែមិនទាន់បានធូរស្រាល និងបង្ករហានិភ័យខ្ពស់ដល់សង្គមជាតិ ។

ក្នុងនោះយើងឃើញថា មានអ្នកប្រើប្រាស់រីករាលដាលពីទីប្រជុំជន ទៅដល់ទីជនបទដាច់ស្រយាល ដែលនេះជាក្តីកង្វល់របស់យើងទាំងអស់គ្នា ត្រូវរួមគ្នាដោះស្រាយ ដើម្បីអនាគតកូនចៅជំនាន់ក្រោយ និងការអភិវឌ្ឍន៍ប្រទេសប្រកបដោយចិរភាព។

លោកជំទាវឧត្តមសេនីយ៍ឯក ឈឹម សិទ្ធិបុណ្យរិទ្ធ អគ្គលេខាធិការរង នៃអ.ជ.ប.គ.ញ បានសាទរនូវកិច្ចខិតខំប្រឹងប្រែងប្រើប្រាស់គ្រប់លទ្ធភាពនឹងមធ្យោបាយទាំងអស់ ដែលមានចូលរួមអនុវត្តនូវបទបញ្ជា និងសេចក្តីណែនាំនានា របស់រាជរដ្ឋាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសសេចក្តីណែនាំលេខ ០០២ ស.ណ.ន ស្តីពីគោលការណ៍ណែនាំចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សំដៅគោរពអនុវត្តនូវឆន្ទៈមុតស្រួចរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋធានាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ សន្តិសុខ និងការអភិវឌ្ឍន៍សង្គម ព្រមទាំងឈានទៅកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀនពីកម្ពុជា។

ទន្ទឹមនោះដែរ ឯកឧត្តម ណុប ឡងឌី អភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តត្បូងឃ្មុំ បានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែលសម្រេចបានរបស់លេខាធិការដ្ឋានគ្រឿងញៀនខេត្ត ក្នុងបេសកកម្មដឹកនាំកិច្ចការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើការងារអប់រំផ្សព្វផ្សាយ ការងារព្យាបាល ការស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន ការបង្ការ បង្រ្កាប និងការទប់ស្កាត់បទល្មើសគ្រឿងញៀន ជាពិសេសក្នុងដំណើរការដឹកនាំអនុវត្តផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី ៨ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ តាមរយៈគោលនយោបាយ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល ។

ដូច្នេះ ជាការឆ្លើយតបអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ គ្រប់ថ្នាក់ទាំងអស់ សូមបន្តយកចិត្តទុកដាក់ម្ចាស់ការ ស្មារតី អនុវត្តនូវវិធានការទាំងឡាយឱ្យបានខ្ជាប់ខ្ជួន និងលិខិតបទដ្ឋាននានាដែលមានជាធរមាន ជាមួយរដ្ឋបាលខេត្ត ដែលបានដាក់ចេញនូវទិសដៅការងារ ដើម្បីទទួលបានប្រសិទ្ធភាពការងារត្រួតពិនិត្យគ្រឿងញៀន ឈានទៅកាត់បន្ថយបាន និងលុបបំបាត់គ្រឿងញៀន នៅក្នុងខេត្តត្បូងឃ្មុំទាំងមូល ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា៕