Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២៣ នៅស្រុកមេមត់ ដោះស្រាយសំណូមពរពលរដ្ឋបាន៣០ករណី

  • បោះពុម្ព

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៣ ឆ្នាំ២០២៣ នៅក្នុងក្របខ័ណ្ឌស្រុកមេមត់ បានដំណើរការទៅដោយរលូន ជាលទ្ធផលនៃអង្គវេទិកា មានការចូលរួមពីសំណាក់ប្រជាពលរដ្ឋយ៉ាងសកម្ម ក្នុងការលើកជាសំណួរ បញ្ហាប្រឈម ការបញ្ចេញមតិ និងសំណូមពរ សរុបចំនួន៣០ ត្រូវបានលើកឡើង ជូនដល់ក្រុមប្រឹក្សាខេត្ត អាជ្ញាធរមូលដ្ឋាន និងរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីឆ្លើយតបបកស្រាយបំភ្លឺ សម្របសម្រួល និងដោះស្រាយជូនម្ចាស់សំណូមពរ ទៅតាមសមត្ថកិច្ចរបស់មន្ទីរវិស័យដែលពាក់ព័ន្ធ ជូនដល់ពួកគាត់ក្នុងការរស់នៅប្រចាំថ្ងៃក្នុងមូលដ្ឋាន។

វេទិការនេះធ្វើឡើង នៅបរិវេណវត្តបុប្ផាគិរីសុវណ្ណារាម ហៅ(វត្តគគីរ) ស្ថិតក្នុងឃុំគគីរ ស្រុកមេមត់ ក្រោមអធិបតីភាពឯកឧត្តម ឡុង ធាម ប្រធានស្ដីទីក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងនៃគណ:អភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ-អង្គភាព ជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំ និងតំណាងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។

មាននាឱកាសនោះ ឯកឧត្តម ឡុង ធាម ប្រធានស្ដីទីក្រុមប្រឹក្សាខេត្ត មានប្រសាសន៏ថា ៖ វេទិការនេះ មានគោលបំណងនៃការរៀបចំឡើង ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំង បញ្ហាប្រឈមនានា ដែលកើតមាន នារយៈកាលកន្លងមក។

ក្រៅពីនោះ វេទិកានេះ ក៏នឹងផ្តល់នូវឱកាសផងដែរ ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ លើកឡើងជាសំណួរ បញ្ចេញមតិ និងសំណូមពរនានារបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរនិងតម្រូវការជាក់ស្តែង នៅក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបចំពោះតម្រូវការ និងសំណូមពរ ដែលបានលើកឡើង។

ជាមួយគ្នានោះ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ គូសបញ្ជាក់ថា ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ យើងទាំងអស់គ្នាបានពិភាក្សា ឆ្លើយតប និងដោះស្រាយនូវបញ្ហាអាទិភាពសំខាន់ៗជូនដល់ប្រជាពលរដ្ឋ ជាពិសេសការពង្រឹងការចូលរួមមតិ សំណើរ និងសំណូមពរផ្សេងៗ របស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលក្នុងកិច្ចអភិវឌ្ឍខេត្ត ឲ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការតម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឃន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ។

លើសពីនេះទៀតនោះ គឺបានបង្ហាញនូវតួនាទីក្រុមប្រឹក្សា ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបាន តាមរយៈ ការអនុវត្តសកម្មភាព ក្នុងពេលកន្លងមក និងបង្កើតមន្រ្តីជួរមុខ នៅបណ្តាការិយាល័យច្រកចេញ-ចូលតែមួយ តាមក្រុង/ស្រុក ទូទាំងខេត្ត ដើម្បីឆ្លើយតប និងសម្រួលការងារសេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ បន្តចូលរួមលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់នៅតាមមូលដ្ឋាន ។

ជាមួយគ្នានោះ ឯកឧត្តម ឡុង ធាម បានបញ្ជាក់ទៀតថា ក្នុងនាមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត នឹងបន្តប្រឹងប្រែងដើម្បីបញ្ចូលនូវសំណូមពរជាអាទិភាព ទៅក្នុងកម្មវិធីបីឆ្នាំរំកិល របស់រដ្ឋបាលខេត្ត ជាពិសេសលើកកម្ពស់ក្នុងការផ្ដល់នូវសេវាសាធារណៈជូនប្រជាពលរដ្ឋទូទាំងខេត្ត ឲ្យកាន់តែប្រសើរឡើងថែមទៀតប្រកបដោយសមធម៌ និងជំរុញការផ្សព្វផ្សាយ ការអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាព ឱ្យបានដូចភ្លៀងរលឹម ជាពិសេសត្រូវខិតខំបំពេញការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ អោយមានប្រសិទ្ធភាព តម្លាភាព ស្របតាមគោលការណ៍ណែនាំជាធរមាន។

សូមជម្រាបជូនថា ៖ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះដែរ ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាន បានលើកឡើងនៅសំណួរ បញ្ហាប្រឈម ការបញ្ចេញមតិ និង សំណូមពរ រួមមាន៖ ស្នើសុំប្រឡាយទឹក លូ ស្ពាន អគ្គីសនី បញ្ហាដីធ្លី បញ្ហាគ្រឿងញៀន បញ្ហាអត្ថសញ្ញាណប័ណ្ណ និងបញ្ហាផ្លូវថ្នល់ ក្នុងនោះ ត្រូវបានឯកឧត្តម ឡុង ធាម ប្រធានស្ដីទីក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត ព្រមទាំងមន្ទីរវិស័យជំនាញ អង្គភាព ពាក់ព័ន្ធ បានធ្វើការដោះស្រាយជូនបានទាំងចំនួន៣០ករណីភ្លាមៗតែម្ដង៕