Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម វង សូត កាត់ខ្សែបូ ដាក់ដំណើរការ សាលាមួយខ្នង ផ្តល់ចំណេះដឹង ជូនកូនកសិករខ្មែរ

  • បោះពុម្ព

ត្បូងឃ្មុំ៖ សាលាមួយខ្នង ៥បន្ទប់ តម្លៃជាង ៥ម៉ឺនដុល្លារ ដ៏ថ្មីសន្លាង ស្ថិតក្នុងសាលាបឋមសិក្សា «ពញាចក្រី ហេង សំរិន អំពិល» ស្ថិតក្នុងភូមិអំពិល ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានកាត់ខ្សែបូ ដាក់ឲ្យដំណើរការ ជាផ្លូវការ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ដើម្បីផ្តល់ចំណេះដឹង ជូនកូនចៅប្រជាកសិករខ្មែរ។

អគារជាថ្នាលបណ្តុះចំណេះដឹង ជាចំណងដៃ សម្រាប់បវេសនកាលថ្មីនេះ ជាជំនួយសប្បុរសធម៌ របស់អង្គការសមាគម ជំនួយខ្មែរសតវត្សទី២១។ ពិធីសម្ពោធដាក់ឲ្យដំណើរ អគារសិក្សានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ថ្នាក់ដឹកនាំអង្គការសមាគម ជំនួយខ្មែរសតវត្សទី២១ ព្រមទាំងមានការអញ្ជើញ ចូលរួមពីមន្រ្តីអាជ្ញាធរ ខេត្តត្បូងឃ្មុំ លោកគ្រូ អ្នកគ្រូ សិស្សានុ សិស្ស អាណាព្យាបាល សរុបប្រមាណ ៦០០នាក់។

ឯកឧត្តម វង សូត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន ដែលបានសហការគ្នា យ៉ាងល្អ និង បង្កលក្ខណៈងាយស្រួល ក្នុងការ កសាងសាលាបញ្ចប់ ដោយជោគជ័យ តាមការគ្រោងទុក ជាពិសេស លោក ណេ ហ្គិស៊ិសឺណេជិ ប្រធានអង្គការសមាគម ជំនួយខ្មែរសតវត្សទី២១ និង លោកស្រី ស៊ឺជិខេកុ ជាម្ចាស់ជំនួយ និង សហការី ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ ដល់សហគមន៍កម្ពុជា តាមរយៈការកសាងនូវ មជ្ឈមណ្ឌលកុមារកំព្រា សាលារៀន អណ្តូងស្នប់ខ្នាតធំ និងការផ្តល់ អាហារូបករណ៍ដល់ កុមារកំព្រា និងកុមារក្រីក្រ នៅតាមបណ្តាខេត្តមួយចំនួន ជាក់ស្តែងអគារសិក្សា ១ខ្នងថ្មីនេះ មាន៥ បន្ទប់ មានតុ កៅអី ក្តារខៀន បង្គន់អនាម័យ អណ្តូងស្នប់ខ្នាតធំមួយ សម្រាប់បម្រើឲ្យ ផលប្រយោជន៍ របស់សាលា និង សិស្សានុសិស្ស។

ឯកឧត្តម រដ្ឋមន្រ្តី បានបន្តទៀតថា សាលារៀន ០១ ខ្នងនេះ គឺពិតជាមានសារសំខាន់ណាស់ និង បានចូលរួមចំ ណែកកាត់បន្ថយ នូវអត្រា មិនបានចុះឈ្មោះចូលរៀន របស់ក្មួយៗកុមារ ដែលមានលំនៅឋា ឆ្ងាយពីសាលារៀន នេះបញ្ជាក់ឲ្យឃើញ ពីគោលនយោបាយ របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញការកសាង សាលារៀនឲ្យ ស្ថិតនៅជិតផ្ទះប្រជាជន ដើម្បីបង្កលក្ខណៈ ងាយស្រួលក្នុងការចុះឈ្មោះ ចូលរៀនរបស់ក្មួយៗ កុមារឲ្យបានគ្រប់ៗគ្នា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ពី វឌ្ឍភាពលើវិស័យ សង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទា រយៈពេលមួយឆ្នាំ ២០១៣-២០១៤ កន្លងមក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានខិតខំអនុវត្ត គោលនយោបាយ ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តនូវកម្មវិធីគោលនយោ បាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៥ ជាពិសេសជំរុញអនុវត្ត គោលនយោបាយ សមធម៌សង្គម លើកតម្កើងជីវភាពរស់នៅ របស់ប្រជាជនក្នុងសង្គម បង្កើនការ ឧបត្ថម្ភគាំទ្រ ទាំងសម្ភារ និងស្មារតី ក្នុងគោលដៅ ផ្តល់សេវាសង្គមកិច្ច ជួយដល់ក្រុមជនរងគ្រោះ និងងាយរងគ្រោះ ក្នុងនោះសុខុមាលភាព របស់អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន ត្រូវបាន យកចិត្តទុកដាក់ និងមានភាពរីកចម្រើន គួរឲ្យកត់សម្គាល់ផងដែរ ។

ឯកឧត្តម វង សូត មានប្រសាសន៍ទៀតថា ជំនួយរបស់អង្គការ ខាងលើនេះ ត្រូវបានយកមកប្រើប្រាស់ ចំគោលដៅ ចំមុខសញ្ញា ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គ្រប់គ្រង និងម្យ៉ាងទៀតជំនួយនេះ ក៏បានរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា អាណាត្តិទី៥ ក្នុងការអភិវឌ្ឍ ធនធានមនុស្ស ការកាត់បន្ថយភាពក្រីក្រ និងការខ្វះខាតជាច្រើនទៀត ដែលជាតម្រូវការចាំបាច់ របស់សហគមន៍ទៀតផង ។

ជាមួយគ្នានេះ ដើម្បីប្រើប្រាស់អគារសិក្សាថ្មីនេះ ក្លាយជាថ្នាលបណ្តុះបណ្តាល ធនធានមនុស្ស ប្រកបដោយគុណភាព និងជាប្រយោជន៍ ដល់សាធារណជនទូទៅ ជាពិសេស សិស្សានុសិស្សក្រីក្រ និងកុមារពិការ ដើម្បីមានឱកាសបាន ទទួលការអប់រំ សិក្សាស្មើភាព ដូចកុមារផ្សេងទៀតនោះ លោករដ្ឋមន្រ្តី បានស្នើឲ្យអាជ្ញាធរឃុំ ភូមិ មាតាបិតា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ត្រូវខិតខំថែរក្សាការពា អគារសិក្សាថ្មីនេះ ដើម្បីប្រើប្រាស់ ជាប្រយោជន៍សាធារណៈ ឲ្យបានយូរអង្វែង ដោយត្រូវចាត់ទុកសាលានេះ ជារបស់យើងទាំងអស់គ្នា។ បន្ទាប់ពីកិច្ចសំណេះសំណាល ឯកឧត្តម វង សូត ក៏បានឧបត្ថម្ភជាថវិកា ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ផងដែរ៕