រាជធានីភ្នំពេញរៀបចំសង្ក្រាន្តវត្តភ្នំរយៈពេល ៤ថ្ងៃនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ
- Details
- Category: ព័ត៌មានទេសចរណ៍
រដ្ឋបាលរាជធានីភ្នំពេញរៀបសង្ក្រាន្តវត្តភ្នំនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងដើម្បីផ្តល់ភាពសប្បាយរីករាយដល់ពលរដ្ឋ ព្រមទាំងរក្សាបាននូវទំនៀមទម្លាប់ ប្រពៃណី និងសិល្បៈរបស់ជាតិ។
រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹងកាលពីចុងខែមីនាថា សង្ក្រាន្តវត្តភ្នំត្រូវបានរៀបចំឡើងជាមួយនឹងកម្មវិធីកម្សាន្តប្រពៃណីជាតិ រួមមានកម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈ របាំប្រពៃណី របាំបុរាណ និងការកម្សាន្តល្បែងប្រជាប្រិយជាតិជាច្រើន ដូចជាទាញព្រ័ត បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង និងដណ្តើមស្លឹកឈើ។
បន្ថែមលើសពីនេះ ក៏មានការប្រគំតន្ត្រីបុរាណ-សម័យ ការរាំលេងកម្សាន្ត ការតាំងពិព័រណ៌គំនូរបុរាណនិងវត្ថុសិល្បៈវប្បធម៌ផងដែរ។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានប្រាប់ថា រដ្ឋបាលរាជធានីភ្នំពេញបានណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ ដើម្បីរៀបចំកន្លែងកម្សាន្តផ្សេងទៀតសម្រាប់ពលរដ្ឋ ដូចជានៅទីតាំងកម្សាន្ដនៅវិមានឯករាជ្យ នៅមាត់ទន្លេមុខព្រះបរមរាជវាំង នៅតាមវត្តអារាម ជាពិសេសនៅមុខវត្ដបុទុមវត្ដីជាដើម។
លោកបាននិយាយថា សម្រាប់ឆ្នាំនេះ រាជធានីភ្នំពេញមានសំណាងល្អដោយសារតែលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្ពោធដាក់ប្រើប្រាស់ស្ពានកោះនរា និងដាក់ប្រើប្រាស់បណ្ដោះអាសន្នស្ពានមរតតេជោ ដែលបានដោះស្រាយការកកស្ទះចរាចរណ៍នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
លោកបានបន្តថា៖ «បន្ថែមពីនេះ យើងបានកម្លាំងសមត្ថកិច្ចជួយសម្រួលចរាចរណ៍តាមច្រកចេញពីភូមិសាស្ត្រភ្នំពេញទៅកាន់បណ្ដាខេត្តផ្សេងៗ។ ចំណែកសន្ដិសុខសណ្ដាប់ធ្នាប់ជុំវិញរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ក៏ត្រូវបានរៀបចំកម្លាំងរួចរាល់ហើយ»។
លោកបន្ថែមថា៖ «យើងធានាសន្តិសុខសណ្ដាប់ធ្នាប់យ៉ាងណា ដើម្បីបង្កភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋដែលបានចូលរួមកម្សាន្តក្នុងសង្ក្រាន្តវត្តនិងនៅតាមទីកន្លែងផ្សេងទៀតដែលបានរៀបចំ»។
លោកបញ្ជាក់ថា មកទល់នឹងពេលនេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរួចរាល់ហើយ ហើយលោកសង្ឃឹមនិងជឿជាក់ថាពលរដ្ឋគ្រប់មជ្ឈដ្ឋានមកចូលរួមកម្សាន្តសប្បាយនៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តវត្តភ្នំ។
ជាមួយនឹងគ្នានេះរដ្ឋបាលរាជធានីភ្នំពេញបានណែនាំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង១៤ ព្រមទាំងមន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញត្រូវផ្សព្វផ្សាយនិងអនុវត្តភារកិច្ចប្រកបដោយប្រសិទ្ធភាពនិងស្មារតីទទួលខុសត្រូវ៕
ដកស្រង់ពី៖ ខ្មែរថាមស៍