អាជ្ញាធរជាតិអប្សរាអំពាវនាវដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមកាត់បន្ថយការប្រើប្រាស់រាល់សារធាតុប្លាស្ទិកអោយបានជាអតិបរមាក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរ
- Details
- Category: ព័ត៌មានទេសចរណ៍
អាជ្ញាធរជាតិអប្សរាសូមធ្វើការអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ និងប្រជាពលរដ្ឋដែលរស់នៅក្នុងរមណីយដ្ឋានអង្គរ ជាពិសេសអាជីវករលក់ដូរគ្រប់ប្រភេទចូលរួមកាត់បន្ថយការប្រើប្រាស់រាល់សារធាតុប្លាស្ទិកជាអតិបរមា និងទុកដាក់សំរាមនៃការប្រើប្រាស់ ឬលក់ដូរប្រចាំថ្ងៃតាមទីតាំងដែលបានកំណត់ជូនឱ្យបានល្អ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរាចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានអោយដឹងថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ហើយជាទូទៅជារៀងរាល់ឆ្នាំក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ អាជ្ញាធរជាតិអប្សរាតែងតែសង្កេតឃើញមានកំណើនខ្ពស់នៃភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តនៅរមណីយដ្ឋានអង្គរ។
យោងតាមប្រភពដដែលបានអោយដឹងសម្ភារៈប្លាស្ទិកភាគច្រើនគឺប្រើប្រាស់ ហើយបានបោះចោលរួមមានថង់ប្លាស្ទិច បំពង់បឺតប្លាស្ទិច ប្រអប់ស្នោរ ដប់ប្លាស្ទិច និងប្លាស្ទិចដាក់អាហារជាដើម។ ផ្លាស្ទិចទាំងនេះបានបង្កអោយមានផលប៉ះពាល់អវិជ្ជមានជាច្រើនដល់អនាម័យបរិស្ថាន សោភ័ណភាព និងសុខភាពមនុស្ស សត្វ។
ម៉្យាងវិញទៀត ប្រាសាទទាំងអស់ក្នុងរមណីយដ្ឋានអង្គរ គឺជាទីគោរពសក្ការៈបូជា និងជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដូច្នេះការចូលរួមកាត់បន្ថយ ឬមិនប្រើប្រាស់ប្លាស្ទិក និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ គឺជាការគោរពដល់ភាពសក្ការៈរបស់អង្គរ ចូលរួមចំណែកថែរក្សា និងលើកតម្លៃដល់សម្បត្តិបេតិកភណ្ឌជាតិ និងបង្ហាញពីការរស់នៅប្រកបដោយភាពថ្លៃថ្នូនៃសង្គមជាតិយើង។
ដកស្រង់ពី៖ ខ្មែរថាមស៍