កម្ពុជានឹងខិតខំពង្រីកការផ្សព្វផ្សាយទេសចរណ៍ទៅកាន់ប្រទេសចិន ឥណ្ឌា អូស្ត្រាលី និងម៉ាល់ឌីវ
- Details
- Category: ព័ត៌មានទេសចរណ៍
កម្ពុជានឹងខិតខំពង្រីកការផ្សព្វផ្សាយទេសចរណ៍ទៅកាន់ប្រទេសចិន ឥណ្ឌា និងអូស្ត្រាលី និងជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា និងម៉ាល់ឌីវ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្ពុជាកាន់តែច្រើន។
នេះបើតាមការលើកឡើងក្នុងកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពលោក ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍។
កិច្ចប្រជុំក៏បានឯកភាពអោយមានការពង្រីកទីផ្សារទេសចរណ៍ថ្មីៗ ទៅកាន់ប្រទេសចិន ឥណ្ឌា និងអូស្ត្រាលី ជំរុញការអនុវត្តអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងម៉ាល់ឌីវ និងជំរុញការអនុវត្តគំនិតផ្តួចផ្តើមទេសចរណ៍“ប្រទេសបី គោលដៅតែមួយ។ ”
កិច្ចប្រជុំក៏បានផ្សព្វផ្សាយសារាចរណែនាំស្តីពីការលើកកម្ពស់គុណភាពផលិតផល និងសេវាកម្មទេសចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដោយជំរុញឱ្យរដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរពាក់ព័ន្ធអនុវត្តខ្លឹមសារសារាចរនេះក្រោមស្មារតីទទួលខុសត្រូវខ្ពស់។
លោកបានណែនាំដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ស្របតាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាពិសេសលើការរៀបចំល្បែងប្រជាប្រិយ អនាម័យ សន្តិសុខ សុវត្ថិភាព ការធ្វើដំណើរ ការតុបតែង សោភ័ណភាព និងសេវាកម្មទេសចរណ៍។
ជាមួយគ្នានេះ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិ ក៏បានលើកឡើងពីស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍន៍វិស័យទេសចរណ៍ ជាពិសេសផែនការសកម្មភាពក្នុងការអនុវត្តយុទ្ធនាការ «ទស្សនាសៀមរាបឆ្នាំ២០២៤» ឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ និង “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១ឆ្នាំ ២០២៤”។
ដកស្រង់ពី៖ ខ្មែរថាមស៍