Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​ចេញ​សេចក្ដីណែនាំ​សម្រាប់​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​

  • Print

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិពីម្សិលមិញបានចេញសេចក្ដីណែនាំសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសាខាងមុខនេះ។

ពិធីនេះប្រារព្ធធ្វើឡើងដើម្បីទទួលស្វាគមន៍ការចូលមកដល់ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងសម្ដែងកតញ្ញុតាធម៌ថ្វាយព្រះសង្ឃ ព្រះមហាក្សត្រ រដ្ឋាភិបាល ឪពុកម្ដាយ និងធ្វើបុណ្យថ្វាយកុសលជូនចំពោះបុព្វបុរសទាំងឡាយ ដែលទទួលមរណភាព។ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក៏បានផ្ដល់សប្បាយរីករាយក្នុងដំណើរកម្សាន្តទៅកាន់តំបន់រមណីយដ្ឋាននានាផងដែរ។

លោក គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការបានថ្លែងក្នុងសេចក្ដីណែនាំនោះថា ដើម្បីរៀបចំពិធីបុណ្យចូលឆ្នាំថ្មីស្របតាមប្រពៃណីនិងរក្សាទំនៀមទម្លាប់ជាតិ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិបានណែនាំក្រសួងព្រះបរមរាជវាំងរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិតាមព្រះរាជប្បវេណីនិងតាមការសព្វព្រះហឫទ័យរបស់ព្រះមហាក្សត្រ នរោត្ត សីហមុនី។

លោកថា គ្រប់ក្រសួងស្ថាប័នត្រូវរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍អតីតីព្រះមហាក្សត្រ នរោត្តម សីហនុ ដោយមានតុបតែងលម្អកំណាត់បូ បំភ្លឺភ្លើងពណ៌ និងលើកបដាពាក្យស្លោក ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ។

ចំណែកនៅតាមអង្គភាព សាលារៀន វត្តអារាម រោងចក្រសហគ្រាសត្រូវរៀបចំដូចគ្នា ដើម្បីអបអរសាទរការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

លោកបន្ថែមថា តាមមណ្ឌលកម្សាន្ត រមណីយដ្ឋាន ឬទីតាំងណាដែលសមរម្យត្រូវមានចាត់តាំងការលេងល្បែងប្រជាប្រិយរបស់ជាតិ ដូចជាចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ ទាត់សី លាក់កន្សែង រាំកម្សាន្តជាដើម ហើយត្រូវចៀសវាងនិងទប់ស្កាត់ល្បែងណាដែលប្រាសចាកនឹងច្បាប់ខុសប្រពៃណីជាតិ ដូចជាល្បែងស៊ីសង ល្បែងជះទឹក លាបធ្យូង និងគ្រឿងផ្ទុះផ្សេងៗជាដើម។

លោកបានណែនាំដល់វត្តអារាមចាត់តាំងរៀបចំពិធីបុណ្យសាសនានិងពិធីបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរួមជាតិ ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍នៅកន្លែងដែលបានតម្កល់ អដ្ឋិធាតុ បូជនីយដ្ឋាន ស្ដូប និងវត្តអារាម។

លោក គង់ សំអុល បានណែនាំទៀតថា៖ «ក្រសួងវប្បធម៌និងវិចិត្រសិល្បៈត្រូវរៀបចំកម្មវិធីប្រគំតន្ត្រីផ្សេងៗ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ហើយក្រសួងព័ត៌មានចាត់អ្នកយកព័ត៌មានចុះព័ត៌មានតាមដែលមានរៀបចំពិធីបុណ្យប្រពៃណីសាសនាតាមវត្ត ដើម្បីផ្សព្វផ្សាយឱ្យទូលំទូលាយ»។

ជាមួយគ្នានេះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិបានណែនាំក្រសួងមហាផ្ទៃនិងក្រសួងការពារជាតិចាត់កម្លាំងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងសម្របសម្រួលចរាចរណ៍ ដើម្បីធានាសុវត្ថិភាពក្នុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅតាមវត្ត មណ្ឌលកម្សាន្ត រមណីយដ្ឋាននៅទូទាំងប្រទេស។

លោកបានមានប្រសាសន៍ថា៖ «ត្រូវសហការជាមួយរដ្ឋបាលរាជធានីខេត្តចាត់វិធានការទប់ស្កាត់ និងលុបបំបាត់រាល់សកម្មភាពដែលល្មើសច្បាប់ ហើយប្រាសចាកនឹងប្រពៃណីទំនៀមទម្លាប់ជាតិ»។

លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានលើកឡើងថា ក្រសួងមហាផ្ទៃនឹងគោរមតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិក្នុងការការរក្សាសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ និងការសម្រួលចរាចរណ៍ក្នុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

លោកថា ក្រសួងមហាផ្ទៃនឹងចាត់ចែងគោលនយោបាយសន្តិសុខជាទូទៅ ហើយអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានីខេត្ត ព្រមទាំងប៉ុស្ដិ៍នគរបាល ដែលត្រូវប្រតិបត្តិនិងអនុវត្តផ្ទាល់។

លោកបន្ថែមថា ការរៀបចំបែងចែកកម្លាំងនេះ ដើម្បីធានាការការពារសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងការសម្របសណ្ដាប់ធ្នាប់ចរាចរណ៍នៅទូទាំងប្រទេស ជាពិសេសនៅតាមបណ្ដារាជធានីខេត្តដែលមានសក្ដានុពលទេសចរណ៍។

លោកបាននិយាយថា៖ «កិច្ចការងារទាំងនេះ គឺយើងអនុវត្តទាំងមុនថ្ងៃចូលឆ្នាំថ្មី នៅថ្ងៃចូលឆ្នាំចូលឆ្នាំថ្មី និងនៅក្រោយថ្ងៃចូលឆ្នាំថ្មី ដើម្បីសម្របសម្រួលសណ្ដាប់ធ្នាប់ចរាចរណ៍និងសន្ដិសុខ»៕

ដកស្រង់ពី៖ ខ្មែរថាមស៍