ក្រសួងទេសចរណ៍សហការជាមួយ មូលនិធិសត្វព្រៃពិភពលោកWWF ដើម្បីលើកកម្ពស់ទេសចរណ៍បៃតង
- Details
- Category: ព័ត៌មានទេសចរណ៍
ក្រសួងទេសចរណ៍ និងមូលនិធិសត្វព្រៃពិភពលោក (WWF) បានសហការគ្នាលើកកម្ពស់ “ទេសចរណ៍បៃតង” នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយផ្តល់អាទិភាពដល់ការអភិរក្សធនធានធម្មជាតិ ទន្ទឹមនឹងការលើកកម្ពស់ការប្រើប្រាស់ថាមពលកកើតឡើងវិញ សំដៅប្រែក្លាយប្រទេសទៅជាគោលដៅទេសចរណ៍លំដាប់ថ្នាក់ពិភពលោក។
ក្រុមការងារត្រូវបានបង្កើតឡើងនាពេលថ្មីៗនេះ ខណៈដែលឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសម្តែងការគួរសមជាមួយ លោកស្រី Bella Roscher ប្រធានផ្នែកអភិវឌ្ឍន៍បណ្តាញសកលនៃ WWF និងលោក Richard Scotney ប្រធានផ្នែកថាមពលសកលនៅទីក្រុងភ្នំពេញដើម្បីពិភាក្សាអំពីឱកាសសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព ភាពធន់ និងការការពារធម្មជាតិ។
នៅក្នុងកិច្ចជំនួបនោះ លោក សុខ សូកេន បានលើកឡើងពីចក្ខុវិស័យរបស់រដ្ឋាភិបាលក្នុងការប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ទៅជាគោលដៅទេសចរណ៍ប្រកបដោយគុណភាពលំដាប់ថ្នាក់អន្តរជាតិ ដោយផ្តោតលើការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព និងបៃតង ដោយផ្តល់អាទិភាពដល់ការអភិរក្សធនធានធម្មជាតិ ក៏ដូចជាកាត់បន្ថយការប្រើប្រាស់ថាមពល តាមរយៈការលើកកម្ពស់ទេសចរណ៍ធម្មជាតិ និងលើកកម្ពស់ការប្រើប្រាស់ថាមពលកកើតឡើងវិញ។
លោកបានលើកឡើងថា ការសម្រេចបាននូវចក្ខុវិស័យនេះ ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដែលអាចធ្វើទៅបានក្រោមយន្តការភាពជាដៃគូរបស់ស្ថាប័នរដ្ឋ-ឯកជន និងសហការជាមួយក្រុមប្រឹក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ដែលត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលនាពេលថ្មីៗនេះ។
លោកស្រី Bella បានជម្រាបជូនពីការរួមចំណែករបស់អង្គការ WWF តាមរយៈគម្រោង ‘ការកសាងឡើងវិញនូវបរិស្ថាន និងទេសចរណ៍’ ដែលត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំ២០២២ ឧបត្ថម្ភថវិកាដោយទីភ្នាក់ងារអភិវឌ្ឍន៍ស្វីស ដើម្បីជួយលើកកម្ពស់អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ក្នុងតំបន់មេគង្គលើ រួមមានខេត្តក្រចេះ ស្ទឹងត្រែង និងខេត្តមណ្ឌលគិរី។
និយាយទៅកាន់កាសែតខ្មែរថាមស៍ លោក Scotney បាននិយាយថា “WWF បានសិក្សាលទ្ធភាពលើគម្រោងចំនួន១០ សម្រាប់សណ្ឋាគារ និងភោជនីយដ្ឋាននៅទូទាំងកម្ពុជា ហើយការសិក្សាទាំងនេះបង្ហាញថាពន្លឺព្រះអាទិត្យអាចជួយពួកគេសន្សំប្រាក់ និងជំរុញថាមពលបៃតង។ ក្រុមហ៊ុនបដិសណ្ឋារកិច្ចជាង១២ ក៏កំពុងប្រកួតប្រជែង ដើម្បីកាត់បន្ថយចំណាយលើអគ្គិសនី និងការបំភាយកាបូន”។
លោកបានបន្ថែមថា WWF បានដំឡើងបន្ទះថាមពលព្រះអាទិត្យនៅតាមតំបន់ទេសចរណ៍ធម្មជាតិសហគមន៍មួយចំនួនក្នុងព្រៃលិចទឹកទន្លេមេគង្គ ដែលជាមធ្យោបាយក្នុងការបង្កើតប្រាក់ចំណូលសម្រាប់សហគមន៍មូលដ្ឋាន ក៏ដូចជាការពារសត្វព្រៃ ខណៈដែលបន្ទះពន្លឺព្រះអាទិត្យបង្កើនប្រសិទ្ធភាពនៃសេវាកម្មអោយកាន់តែប្រសើរសម្រាប់អតិថិជន និងសន្សំសំចៃថ្លៃប្រេងម៉ាស៊ូត។
ដកស្រង់ពី៖ ខ្មែរថាមស៍