Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចំណតផែរណបពហុបំណងចំនួន៣ របស់កំពង់ផែស្វយ័តភ្នំពេញ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដោយរំពឹងថា នឹងទទួលបានការកើនឡើង នូវការលើក-ដាក់ និងផ្ទេរទំនិញ

  • Print

ចំណតផែរណបពហុបំណងថ្មីចំនួន៣ទីតាំងផ្សេងគ្នា គឺ "ចំណតផែរណបពហុបំណង TS១១, UM២ និង LM២៦" របស់កំពង់ផែស្វយ័តភ្នំពេញ ត្រូវបានសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ ដោយរំពឹងថា ក្រោយការដាក់ឱ្យប្រើប្រាស់ នឹងទទួលបានការកើនឡើង នូវការលើក-ដាក់ និងផ្ទេរទំនិញតាមដងទន្លេ ក្នុងព្រះរាជាណាចក្រ។

ក្នុងពិធីបើកសម្ពោធកំពង់ផែស្វយ័តនាឱកាសនោះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ចាត់ទុក ចំណតផែពហុបំណងទាំងបីនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀតដែលនឹងបម្រើឲ្យប្រតិបត្តិការផ្ទេរ ផ្ទុកទំនិញ និងការលើកដាក់កុងតឺន័រ។

ជាពិសេសចំណតផែរណបពហុបំណង TS១១ បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ក្នុងការលើកដាក់ទំនិញ ដោយចំណតនេះ ស្ថិតនៅទីតាំងមានសក្តានុពលសម្រាប់បម្រើសេចក្តីត្រូវការប្រើប្រាស់ របស់អតិថិជន ក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តផ្សេងៗទៀត ជាពិសេសចូលរួមចំណែកយ៉ាងច្រើនក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម រដ្ឋមន្ត្រីសាធារណការបន្ថែមថា ការសម្រេចបាននូវសមិទ្ធផលថ្មីទាំងបីនេះ នឹងជួយបង្កើនសមត្ថភាពរបស់កំពង់ផែ ក្នុងការឆ្លើយតបនិងកំណើនកុងតឺន័រឆ្លងកាត់ នាពេលបច្ចុប្បន្ន ជាពិសេសជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ ក៏ដូចជាការផ្ដល់អត្ថប្រយោជន៍ជាច្រើន ដល់ពាណិជ្ជករ ធុរជននិងវិនិយោគិន ដែលបានកំពុងប្រើប្រាស់សេវាកម្ម របស់ចំណតផែទាំងនេះ។

ក្នុងឱកាសនោះដែរ លោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ (ក. ស. ភ) មានប្រសាសន៍ថា កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវកំណើនកុងតឺន័រឆ្លងកាត់ជាមធ្យម សម្រាប់រយៈពេល ៥ឆ្នាំ ចុងក្រោយ (២០១៨-២០២២) មានប្រមាណ ១៨%។

ជាក់ស្តែង នៅឆ្នាំ២០២១ ក. ស. ភ. ទទួលបានបរិមាណកុងតឺន័រ ចំនួន ៣៤៨៨៩៨TEUs កើនចំនួន ២០% ធៀបនឹងឆ្នាំ២០២០។ សម្រាប់ឆ្នាំ២០២២ មានចំនួន ៤១៧ ៦៩៦TEUs កើនទ្បើងចំនួនប្រមាណ ២០% ធៀបនឹងឆ្នាំ២០២១។

ដោយឡែក នៅក្នុងឆ្នាំ២០២៣ ក. ស. ភ. ទទួលបានបរិមាណកុងតឺន័រចំនួន ៣៩៦ ២២៥ TEUs ទាបជាងប្រមាណ ៥% ធៀបនឹងឆ្នាំ២០២២។ សម្រាប់ការព្យាករណ៍ឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ គ្រោងនូវបរិមាណកុងតឺន័រចំនួន ៤៤០ ០០០ TEUs ដែលមានការកើនឡើងប្រមាណ ១១% ធៀបនឹងឆ្នាំ២០២៣។

លោក ហ៊ឺ បាវី មានប្រសាសន៍ឱ្យដឹងដែរថា ចំណតផែរណបពហុបំណង TS១១ មានទីតាំងស្ថិតនៅភូមិខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ, ចំណតផែរណបពហុបំណង UM២ មានទីតាំងស្ថិតនៅភូមិដូនម៉ៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងចំណតផែរណបពហុបំណង LM២៦ មានទីតាំងស្ថិតនៅ ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង។

លោកជឿជាក់ថា បន្ទាប់ពីការដាក់សម្ពោធចំណតផែរណបទាំង ៣ ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ កំពង់ផែស្វយ័តភ្នំពេញ សង្ឃឹមយ៉ាងមុតមាំថា នៅឆ្នាំ២០២៤ នេះ នឹងទទួលបានការកើនឡើងនូវបរិមាណទំនិញ និងកុងតឺន័របន្ថែមទៀត៕