Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញកាត់ឫសសីមា តម្កល់រតនៈវត្ថុ ចំនួន ៩ព្រះអង្គ ទុកលើប្រាសាទព្រះអង្គប្រសូត នៅវត្តសាមគ្គីសុខារាម ច្រករំដែង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

  • Print

(ត្បូងឃ្មុំ) ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ នៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីពុទ្ធាភិសេក និងកាត់ឫសសីមា លើកតម្កល់រតនៈវត្ថុ ចំនួន ៩ព្រះអង្គ តម្កល់ទុកលើប្រាសាទព្រះអង្គប្រសូត នៅវត្តសាមគ្គីសុខារាម ច្រករំដែង សម្រាប់ជាទីគោរពសក្ការៈបូជា នៃមនុស្ស និងទេវតា ក្នុងលោក ។

ពិធីនេះ ប្រព្រឹត្តទៅនៅភូមិច្រករំដេង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព ជុំវិញខេត្ត កម្លាំងទាំង បី ប្រភេទ អាជ្ញាធរស្រុក ឃុំ និងប្រជាពុទ្ធបរិស័ទ យ៉ាងច្រើនកុះករ។

ពិធីបុណ្យនេះ បានផ្តួចផ្តើមឡើងដោយព្រះគ្រូធម្មានុរក្ខិតញាណ ម៉ច់ ផល្លី ព្រះគ្រូចៅអធិការវត្តសាមគ្គីសុខារាម និងអគ្គមហាឧបាសក អៀក ខែម អនុប្រធាន ខុទ្ទកាល័យសម្តេចមហាពញ្ញាចក្រក្រី ហេងសំរិន លោកគ្រូអគ្គមហាឧបាសក អ៊ឹង តុង ជំនួយការសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិតិ្តឧទេ្ទសបណ្ឌិត សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជានិងជាអនុប្រធានការិយាពហិរសាសនា នៃមន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ រួមជាមួយនឹងលោកអាចារ្យ គណៈកម្មការ លោកមេឃុំត្រពាំងផ្លុង មេភូមិ អនុភូមិ និងពុទ្ធបរិស័ទចំណុះជើងវត្ត ដោយមានរយៈពេល៤យប់៤ថ្ងៃ ពោលគឺចាប់ពីរសៀលថ្ងៃទី០១ រហូតដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ហើយនៅក្នុង ៤រាត្រី នោះ ក៏មានការសម្តែងល្ខោនកំសាន្តរាល់យប់ផងដែរ។

សម្រាប់កម្មវិធីបុណ្យ នៅថ្ងៃទី១ ពោលគឺកាលរសៀលថ្ងៃច័ន្ទ ទី១ ខែមករា មានពិធីក្រុងពាលី ទទួលបដិសណ្ឋារៈភ្ញៀវកិត្តិយសជិតឆ្ងាយ ប្រទានព្រះធម៌ទេសនាដោយ សម្តេចឧត្តមចរិយា ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា បន្ទាប់មកនៅពេលល្ងាច ព្រះគ្រូធម្មានុរក្ខិតញាណ ម៉ច់ ផល្លី ព្រះគ្រូចៅអធិការវត្តសាមគ្គីសុខារាម ប្រទានព្រះធម្មវិសេសទេសនា។

សម្រាប់ថ្ងៃទី២ នៅថ្ងៃអង្គារ ទី ០២ ខែ មករា ឆ្នាំ២០២៤ ប្រគេនយាគូដល់ព្រះសង្ឃ និងការអញ្ជើញរបស់ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា និងលោកជំទាវ ព្រមទាំងសម្តេចសង្ឃ មួង រ៉ា គណ:សង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រគេន/ ប្រគល់ ប្រកាសនីយប័ត្រ និង ស្រោចស្រពសុគន្ធវារីដោយ សម្តេចព្រះឧត្តមវង្សា មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា ។

បន្ទាប់មកលោកជំទាវមហាឧបាសិកា ឧកញ៉ា សេង សុខុម ក៏បានប្រគេន សម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់ដល់ព្រះសង្ឃ ជាង ១០០ អង្គ/នាក់ ដោយមានចែកជាអំណោយដល់ជនក្រីក្រជួបការលំបាក ជិត ១០០ នាក់ ផងដែរ ។

តមកនាពេលរសៀល ក៏មានសម្តែងព្រះធម៌ទេសនាដោយលោកគ្រូអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស ក៏មានការធ្វើបទនមស្ការព្រះរតនៈត្រ័យ និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ។ សម្រាប់ថ្ងៃទី៣ នៅថ្ងៃទី ០៣ ខែ មករា ឆ្នាំ២០២៤ ប្រគេនយាគូដល់ព្រះសង្ឃ ប្រគេនភត្តដល់ព្រះសង្ឃ ទទួលបដិសណ្ឋារៈភ្ញៀវកិត្តិយសជិតឆ្ងាយ និងប្រទានព្រះធម៌ទេសនា ដោយសម្តេចពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណរាជធានីភ្នំពេញ ។ លុះដល់ថ្ងៃទី៤ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ (ថ្ងៃកាត់ឫសសីមា) ពេលព្រឹក ព្រះសង្ឃ ១៥០អង្គ និមន្តគោរចរបិណ្ឌបាត ។

តមកនាពេលល្ងាច ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ អញ្ជើញអុជទៀនធូបគោរពបូជា រូបបដិមាព្រះអង្គប្រសូតសាងអំពីស្ពាន់បញ្ចុះមាស និងកាត់ឫសសីមា វេររណ្តាប់កាន់អង្គប្រគេនព្រះសង្ឃ និងដារឆ្លងជាកិច្ចបង្ហើយបុណ្យផងដែរ។

សូមជម្រាបជូនថា វត្តសាមគ្គីសុខារាម ច្រករំដែង បានរៀបចំកសាងពុទ្ធស្ថានទី១ ឧទ្យានលុម្ពិនី ទីកន្លែងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រសូត ចាកព្រះគ័ភ៌ នៃព្រះវរមាតា បច្ចុប្បន្នកំពុងត្រូវបានកសាងប្រាសាទព្រះអង្គប្រសូត ដែលមានទំហំ ៤៥ ម៉ែត្រ ៨ជ្រុង កម្ពស់ ២១ ម៉ែត្រ ។

ក្នុងនោះរតនៈវត្ថុ ចំនួន ៩ ព្រះអង្គ ដែកសាងអំពីស្ពាន់បញ្ចុះមាស រួមមាន ៖ បដិមាព្រះអង្គប្រសូតសាងអំពីស្ពាន់បញ្ចុះមាស, ពុទ្ធមាតា, មហាព្រហ្ម, វេសកម្មទេវបុត្រ, សក្កទេវរាជ, ធតរដ្ឋ, វិរូបក្ខៈ, វិរុឡ្ហកៈ និង វេស្សវ័ណ្ឌ ត្រូវបានតម្កល់លើប្រាសាទព្រះអង្គប្រសូត ក្នុងពុទ្ធសីមាវត្តសាមគ្គីសុខារាម ច្រករំដេង សម្រាប់ជាទីគោរពសក្ការៈបូជា នៃមនុស្ស និងទេវតា ក្នុងលោក ៕