Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជាជនអ៉ីរ៉ាក់៖ «ក្រុម ISIS កាត់ក្បាល, វាយបំបាក់ជើង, និងធ្វើទណ្ឌកម្ម​ជាច្រើនទៀត​ លើជនស៊ីវិលនៅម៉ូស៊ូល!»

  • Print

(បាកដាដ)៖ ស្របពេលដែលកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ ជួយគាំទ្រដោយសហរដ្ឋអាមេរិក កំពុងតែវាយលុកចូលកាន់តែជ្រៅទៅ ក្នុងតំបន់កាន់កាប់ដោយក្រុមសកម្មប្រយុទ្ធ ISIS នៅទីក្រុងម៉ូស៊ូល ប្រជាជនស៊ីវិលរាប់ពាន់នាក់ ដែលត្រូវបានបង្ខំឲ្យរត់ភៀសខ្លួន ពីផ្ទះសម្បែងនៅចំពោះមុខអំពើហិង្សា កាន់តែសាហាវឃោឃៅឡើងពីមួយថ្ងៃទៅមួយថ្ងៃនោះ បានរៀបរាប់ប្រាប់អំពីទុកវេទនា និង ទិដ្ឋភាពដ៏គួរឲ្យសោកសង្រេង នៃទីក្រុងកំណើតរបស់ពួកគេ ទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅឯជំរុំជនភៀសខ្លួនមួយកន្លែង ដែលកំពុងប្រឈមនឹងបញ្ហាណែនតាន់តាប់។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Russia Today (RT) នៅរសៀលថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០១៧។ បណ្តាជនភៀសខ្លួននៃទីក្រុងម៉ូស៊ូល បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាន RT ថា សមរភូមិប្រយុទ្ធដ៏ក្តៅគគុកដែលបាន និងកំពុងបន្តប្រព្រឹត្តទៅនៅក្នុងទីក្រុងម៉ូស៊ូល បង្ហាញអំពីភាពអមនុស្សធម៌នៃភាគីទាំងសងខាង ដោយខណៈក្រុម ISIS បានចាប់បង្ខំប្រជាជនស្លូតត្រង់ យកមកធ្វើជាខែលការពារខ្លួន និងបានប្រើអំពើហិង្សាដ៏សាហាវផ្សេងៗទៀត ដើម្បីរារាំងជនស៊ីវិលមិនឲ្យរត់គេចចេញពីទីក្រុងនោះ កងទ័ពអ៊ីរ៉ាក់និងសម្ព័ន្ធមិត្តថែមទាំងមិនសូវជារវីរវល់ ក្នុងការជួយការរត់ភៀសខ្លួនរបស់ពួកគេឡើយ។

យោងតាមជនភៀសខ្លួន ដែលបានចាកចេញពីទីក្រុងដ៏ធំទីពីរ នៃប្រទេសអ៊ីរ៉ាក់បានឲ្យដឹងដូច្នេះថា «ក្រុម ISIS បានចាប់ផ្តើមបំបាក់ជើងមនុស្សមិនថាប្រុស មិនថាស្រីនោះឡើយ ដើម្បីបញ្ឈប់ពួកគេមិនឲ្យរត់ចេញពីទីក្រុង។ នៅពេលដែលពួកយើងបានរត់ភៀសខ្លួនពីក្រុងម៉ូស៊ូល មានស្រ្តីនិងក្មេងតូចម្នាក់ នៅជាមួយពួកយើង តែជាអកុសល្យក្មេងនោះបានធ្លាក់ចូលទៅក្នុងទន្លេ នឹងត្រូវបានចរន្តទឹកហូរគួចយកទៅបាត់ ហើយគ្មាននរណាម្នាក់ឈប់នោះឡើយ ដោយមនុស្សគ្រប់គ្នាគិតតែពីរត់»។យ៉ាងណាមិញ អ្នកដែលបានរត់គេចខ្លួនរួច ឥឡូវនេះកំពុងតែមានការភ័យខ្លាច អំពីជោគវាសនារបស់សាច់ញាតិ ក៏ដូចជាមិត្តភក្តិរបស់ពួកគេ ដែលស្ថិតនៅក្នុងចំណោមប្រជាជន រាប់ម៉ឺននាក់ទៀតបន្តជាប់នៅក្នុងទីក្រុមម៉ូស៊ូល។

ជាមួយគ្នានេះជនភៀសខ្លួនម្នាក់ទៀត ក៏បានរៀបរាប់ផងដែរថា «បើសិនជានរណាម្នាក់ព្យាយាមរត់គេចខ្លួន ក្រុម ISIS នឹងកាត់ក្បាលរបស់ពួកគេ ដោយឥតស្ទាក់ស្ទើរនោះឡើយ ហើយបើអ្នកសំណាងល្អអាចគេចខ្លួនចេញផុតវិញនោះ ពួកសកម្មប្រយុទ្ធទាំងនោះនឹងដុតបំផ្លាញលំនៅឋាន និងធ្វើបាបសាច់ញាតិរបស់អ្នក»។ ដោយឡែកជនស៊ីវិលក្នុងទីក្រុងម៉ូស៊ូលមិនត្រឹមតែកំពុងព្យាយាមរត់គេចខ្លួនពីក្រុម ISIS តែមួយមុខប៉ុណ្ណោះទេ។

យោងតាមប្រភពមួយចំនួន កងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់ និងកងកម្លាំងចម្រុះដឹកនាំដោយអាមេរិក បាននិងកំពុងធ្វើការវាយប្រហារតាមផ្លូវការ និងកាំភ្លើងធំនៅលើក្រុម ISIS ដោយមិនខ្វល់ពីវត្តមានរបស់ប្រជាជនស្លូតត្រង់ នៅក្នុងតំបន់អ្វីបន្តិចនោះឡើយ។ ជនភៀសខ្លួនម្នាក់បានអះអាងថា «ការវាយប្រហារតាមផ្លូវអាកាស ពុំបានធ្វើឡើងលើប្រជាជនស៊ីវិល តែឯងទេ ប៉ុន្តែនៅពេលដែលអ្នកប្រយុទ្ធ ISIS ស្ថិតនៅក្នុងចំណោម ឬក្បែរពួកយើង កងយន្តហោះចម្បាំង នឹងទម្លាក់គ្រាប់បែក ដោយទាំងពួកយើងទៅជាមួយផងដែរ»។

គួរបញ្ជាក់ថា មនុស្សរាប់ពាន់នាក់បានបាត់បង់ជីវិតព្រមទាំងរងរបួស នៅក្នុងការប្រយុទ្ធគ្នានៅក្នុងទីក្រុងម៉ូស៊ូល គិតចាប់តាំងពីយោធាអ៊ីរ៉ាក់និងកងកម្លាំងចម្រុះ គាំទ្រដោយសហរដ្ឋអាមេរិក បានចាប់ផ្តើមប្រតិបត្តិការទ្រង់ទ្រាយធំដើម្បីវាយរំដោះយកទីក្រុងនេះ ចេញពីកណ្តាប់ដៃរបស់ក្រុមភេរវករ ISIS កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦កន្លងទៅ ហើយមកទល់ពេលនេះ កម្លាំងចម្រុះនេះបានវាយដណ្តើមយកតំបន់ភាគខាងកើត នៃទីក្រុងមកវិញហើយ និងកំពុងតែបន្តវាយលុកទៅភាគលិច ដែលកំពុងបន្តស្ថិតក្រោមការគ្រប់គ្រងរបស់ ISIS នៅឡើយ៕

ដកស្រង់ពី៖ Fresh News