Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាវាចម្បាំងអាល្លឺម៉ង់ ច្រឡំបាញ់មីស៉ីលទៅលើយន្តហោះដ្រូនអាមេរិក នៅតំបន់សមុទ្រក្រហម ប៉ុន្តែមិនត្រូវ

  • Print

 (បែរឡាំង)៖ ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ បានរាយការណ៍កាលពីថ្ងៃពុធសប្តាហ៍នេះថា នាវាចម្បាំងអាល្លឺម៉ង់១គ្រឿង ដែលត្រូវបានបញ្ជូនឱ្យទៅការពារកប៉ាល់ពាណិជ្ជកម្ម នៅតំបន់សមុទ្រក្រហម ប៊ិះបាញ់ទម្លាក់យន្តហោះដ្រូនអាមេរិក១គ្រឿង ដោយសារការភ័ន្តច្រឡំ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្រសួងការពារជាតិអាល្លឺម៉ង់ បានចេញមុខទទួលស្គាល់ថា ពិតជាមានឧប្បត្តិហេតុយន្តហោះដ្រូនមួយ ពាក់ព័ន្ធជាមួយប្រទេសសម្ព័ន្ធមិត្ត ដែលបានកើតឡើង កាលពីថ្ងៃដើមចន្ទសប្តាហ៍នេះ ប៉ុន្តែមិនបានបញ្ចេញឈ្មោះប្រទេសនោះចំៗឡើយ។

រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានឱ្យដឹងថា នាវាចម្បាំងអាល្លឺម៉ង់ Hesse បានបើកការបាញ់ប្រហារ បន្ទាប់ពីការព្យាយាមកំណត់អត្តសញ្ញាណលើ យន្តហោះដ្រូនមិនស្គាល់ប្រភពមួយគ្រឿង មិនទទួលបានជោគជ័យ ប៉ុន្តែគោលដៅនោះ ពុំត្រូវបានបាញ់ចំឡើយ ហើយក្រោយមកទៀត យន្តហោះដ្រូនដដែល ត្រូវបានកំណត់ឃើញថា ជាយន្តហោះដ្រូនប្រភេទឈ្លបការណ៍។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ Der Spiegel នាវាចម្បាំង Hesse បានបាញ់មីស៉ីល២គ្រាប់ សំដៅទៅរកយន្តហោះដ្រូននោះ ប៉ុន្តែមីស៉ីលទាំង២ បានធ្លាក់ចូលសមុទ្រទាំងអស់ ដោយសារបញ្ហាបច្ចេកទេស។ ប្រព័ន្ធផ្សព្វផ្សាយដដែល បានអះអាងថា យន្តហោះដ្រូន ដែលប៊ិះត្រូវបានបាញ់ទម្លាក់នោះ គឺជាយន្តហោះដ្រូន Reaper របស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា នាវាចម្បាំង Hesse បានធ្វើដំណើរទៅដល់តំបន់ខាងលើ កាលពីចុងសប្តាហ៍មុន ក្រោមក្របខណ្ឌនៃបេសកកម្មមួយរបស់ EU ដើម្បីជួយធានាសន្តិសុខ ដល់សកម្មភាពដឹកជញ្ជូនអន្តរជាតិ នៅតំបន់សមុទ្រក្រហម ដែលបច្ចុប្បន្នស្ថិតក្រោមការវាយប្រហារជាប្រចាំ ពីសំណាក់ក្រុមឧទ្ទាមហ៊ូទី នៅប្រទេសយេម៉ែន។

ក្រុមហ៊ូទីបានអះអាងថា ការវាយប្រហារបស់ពួកគេ ដែលបានចាប់ផ្តើមតាំងតែពីខែវិច្ឆិកា ឆ្នាំមុនមក គឺដើម្បីចូលរួមបង្ហាញសាមគ្គីភាព ជាមួយជនជាតិប៉ាឡេស្ទីននៅតំបន់ Gaza Strip ចំពោះមុខសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស៕

ដកស្រង់ពី៖ Fresh News