Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មីយ៉ាន់ម៉ា បញ្ជូនមន្រ្តីជាន់ខ្ពស់ចូលរួម កិច្ចប្រជុំអាស៊ានជាលើកដំបូង ក្នុងរយៈពេលជាង២ឆ្នាំ

  • Print

 មន្រ្តីជាន់ខ្ពស់មីយ៉ាន់ម៉ាមួយរូប បានជួបជាមួយក្រុមរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅប្រទេសឡាវកាលពីថ្ងៃចន្ទ ខណៈមន្រ្តីរូបនោះ គឺជាអ្នកតំណាងដំបូងបំផុតនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដែលបានមកចូលរួមកិច្ចប្រជុំកម្រិតខ្ពស់របស់អាស៊ាន ក្នុងរយៈពេលប្រមាណជាង២ឆ្នាំ។

យោធាមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារដណ្តើមអំណាច កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយនៅខែតុលា ឆ្នាំដដែលនោះ អាស៊ាន បានសម្រេចហាមមិនឱ្យថ្នាក់ដឹកនាំរបបយោធាមីយ៉ាន់ម៉ា ចូលរួមកិច្ចប្រជុំកំពូល និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីរបស់អាស៊ានឡើយ ដោយបានស្នើឱ្យមីយ៉ាន់ម៉ា បញ្ជូនអ្នកតំណាងមិនជាប់ពាក់ព័ន្ធនយោបាយ ឱ្យមកចូលរួមជំនួសវិញ។

របបយោធាមីយ៉ាន់ម៉ា មិនបានធ្វើតាមសំណើរបស់អាស៊ានឡើយ ដោយទើបតែថ្ងៃចន្ទនេះប៉ុណ្ណោះ បានខ្លួនសម្រេចចិត្តបញ្ជូនលោកស្រី Marlar Than Htike ដែលមានតួនាទីប្រធាននាយកដ្ឋានសេដ្ឋកិច្ច និងអង្គការអន្តរជាតិ នៃក្រសួងការបរទេសមីយ៉ាន់ម៉ា ឱ្យចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Luang Prabang នៃប្រទេសឡាវ។

សូមបញ្ជាក់ថា កិច្ចប្រឹងប្រែងការទូតរបស់អាស៊ាន ដើម្បីព្យាយាមដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា បានជួបឧបសគ្គជាបន្តបន្ទាប់ ដោយទទួលបានភាពរីកចម្រើនតិចតួចប៉ុណ្ណោះ គិតចាប់តាំងតែពីឆ្នាំ២០២១មក នៅពេលដែលអាស៊ាន បានឯកភាពគ្នាលើផែនការសន្តិភាព៥ចំណុច។

សម្រាប់ឆ្នាំ២០២៤នេះ ឡាវ ត្រូវកាន់តួនាទីជាប្រធានអាស៊ានលើកដំបូង ចាប់តាំងពីឆ្នាំ២០១៦ ខណៈគ្រប់គ្នាកំពុងរង់ចាំមើលថា តើប្រទេសតូចមួយនេះ អាចសម្រេចបានវឌ្ឍនភាពខ្លះដែរឬទេ ក្នុងកិច្ចខិតខំដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ដ៏អូសបន្លាយមួយនេះ នេះបើតាមការផ្សាយរបស់ AFP ។