អ៉ីស្រាអែល និងអាមេរិក បញ្ចប់ការធ្វើសមយុទ្ធយោធារួមគ្នា ដែលផ្តោតចំពោះការវាយប្រហារលើអ៉ីរ៉ង់
- Details
- Category: International News
កាលពីថ្ងៃពុធសប្តាហ៍នេះ អ៉ីស្រាអែល បានឱ្យដឹងថា ខ្លួន ទើបតែបញ្ចប់ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយ ធំរួមគ្នា ជាមួយកងទ័ពអាកាសសហរដ្ឋអាមេរិក ដែលផ្តោតចំពោះការហាត់សមវាយប្រហារទៅលើកម្មវិធី នុយក្លេអ៊ែររបស់ប្រទេសអ៉ីរ៉ង់។
ការិយាល័យនាយករដ្ឋមន្រ្តីចាំផ្ទះរបស់អ៉ីស្រាអែល គឺលោក យ៉ាអៀរ ឡាពីដ (Yair Lapid) បានប្រកាស ក្នុងសេចក្តីថ្លែងការណ៍ថា សមយុទ្ធយោធាខាងលើ បានផ្តោតទៅលើសេណារីយ៉ូចម្រុះ នៅចំពោះមុខការ លេចឡើងនៃការគំរាមកំហែងនៅក្នុងតំបន់ ហើយអ្វីដែលចម្បងជាងគេបង្អស់នោះ គឺការគំរាមកំហែង របស់ អ៉ីរ៉ង់។
សមយុទ្ធយោធានេះ បានចាប់ផ្តើមកាលពីថ្ងៃអង្គារ ជាមួយការហោះហើររួមគ្នារវាងយន្តហោះចម្បាំង F-35i Adir ចំនួន៤គ្រឿង របស់អ៉ីស្រាអែល ហើយនិងយន្តហោះចម្បាំងអាមេរិក F-15 ចំនួន៤គ្រឿងទៀត នៅលើផ្ទៃអាកាសនៃប្រទេសអ៉ីស្រាអែល។ សូមបញ្ជាក់ថា ខាងអ៉ីរ៉ង់ មិនទាន់ចេញមុខធ្វើការអត្ថាធិប្បាយអ្វីជុំវិញសមយុទ្ធផ្លូវអាកាសរួមគ្នា រវាងអ៉ីស្រាអែល និងអាមេរិកនៅឡើយទេ ខណៈលំហាត់យោធានេះ កើតឡើង ចំពេលមានភាពតានតឹងខ្លាំងរវាងទីក្រុងវ៉ាស៉ីនតោន និងទីក្រុងតេហេរ៉ង់ នេះបើតាមការផ្សាយរបស់ AFP ។