គ្រោះរញ្ជួយដីកម្រិត ៥.៧ រ៉ិចទ័រ ធ្វើឱ្យកក្រើកកោះសំខាន់របស់ហ្វីលីពីន
- Details
- Category: International News
ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS និងមន្រ្តីក្នុងតំបន់ បាននិយាយថា គ្រោះរញ្ជួយដីដ៏ខ្លាំងមួយ បានវាយប្រហារកោះដ៏សំខាន់របស់ប្រទេសហ្វីលីពីន នៅថ្ងៃច័ន្ទទី ២៧ ខែកញ្ញានេះ ។
គ្រោះរញ្ជួយដីកម្រិត ៥.៧ រ៉ិចទ័រ បានវាយប្រហារខេត្ត Batangas នៅលើកោះ Luzon នៅវេលាម៉ោង ១.១២ នាទីព្រឹក ដោយប្រជាជននៅរដ្ឋធានីម៉ានីល ដែលនៅក្បែរនោះ បានភ្ញាក់ពីដំណេក ដោយសារតែអគាររបស់ពួកគេ ញ័ររញ្ជួយ។
USGS បាននិយាយថា រញ្ជួយដីនេះ ត្រូវបានកត់ត្រានៅជម្រៅ ៩៨ គីឡូម៉ែត្រ។ ទីភ្នាក់ងាររញ្ជួយដីក្នុងតំបន់ បានព្រមានពីការខូចខាត និងការរញ្ជួយជាបន្ទាប់។ ការរញ្ជួយដីជ្រៅ មានទំនោរធ្វើឱ្យខូចខាតតិចជាងការរញ្ជួយរាក់។
ប៉ុន្តែអាជ្ញាធរ ដែលនៅជិតចំណុចកណ្តាលនៃគ្រោះរញ្ជួយដី បាននិយាយថា ពួកគេ មិនទាន់ទទួលបានរបាយការណ៍ពីការខូចខាតនោះទេ។ មន្រ្តីគ្រោះមហន្តរាយនៅទីក្រុង Tagaytay ក្នុងខេត្ត Cavite ក្បែរខាង បាននិយាយថា "រហូតមកដល់ពេលនេះ មិនមានឧប្បត្តិហេតុ ដែលមិនទាក់ទងនឹងការរញ្ជួយដីទេ"។
កម្លាំងនៃការរញ្ជួយដីនេះ បានបណ្តាលឱ្យអ្នកស្រុកខ្លះ ប្រញាប់ប្រញាល់ចេញទៅខាងក្រៅ។ ប្រទេសហ្វីលីពីន តែងតែមានការរញ្ជួយដី ដោយសារតែទីតាំងរបស់វាស្ថិតនៅលើ “កងរង្វង់ភ្លើង” នៃមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាអ័ក្សនៃសកម្មភាពរញ្ជួយដីយ៉ាងខ្លាំង លាតសន្ធឹងពីប្រទេសជប៉ុន ឆ្លងកាត់អាស៊ីអាគ្នេយ៍ និងឆ្លងកាត់អាងប៉ាស៊ីហ្វិក នេះបើតាមការផ្សាយរបស់ CNA/AFP នៅថ្ងៃចន្ទនេះ។