បណ្តាញសង្គម

ម្ដាយ​ខ្លាច​ឈឺ​សាច់​មិន​ឲ្យ​ នៅ​ ​ស្រីពៅ ​​​​​ចូល​ហាត់​ប្រដាល់​ តែ​ទី​បំផុតមោទកភាព​

មុនពេលមានឈ្មោះសំឡេងពេញផ្ទៃប្រទេស នៅ ស្រីពៅ ដែលត្រូវគេទទួលស្គាល់ជាកីឡាការិនីគុនខ្មែរកំពុងមានប្រជាប្រិយភាពនោះ ត្រូវម្ដាយហាមឃាត់រឿងចូលហាត់ប្រដាល់លើកដំបូងឆ្នាំ២០១៤។ ដ្បិតម្ដាយបដិសេធមុនចូលហាត់គុនខ្មែរ ប៉ុន្តែ ឳពុករបស់ ស្រីពៅ លោក គង់ នៅ បានបានអនុញ្ញាត ព្រោះលោកក៏ស្រលាញ់កីឡាប្រដាល់ដែរ។ អ្នកស្រី កឹម សយ អាយុ៥៨ឆ្នាំជាម្ដាយបង្កើតរបស់ នៅ ស្រីពៅ បានរៀបរាប់ថា អ្នកស្រីមិនចង់ឲ្យកូនស្រី ចូលហ្វឹកហាត់ប្រដាល់ទេ ព្រោះខ្លាចឈឺ និង ខូចសាច់ទៀតផង។ ម្យ៉ាងទៀតខ្លួនជាស្រីមានភាពទន់ភ្លន់មិនដូចបុរសនោះទេ។

យ៉ាងណាក៏ដោយកីឡាការិនីវ័យ២៤ ឆ្នាំ បានបង្ហើបថា ខ្លួនខំលួងលោម ពន្យល់ និងសុំម្ដាយដើម្បីចូលហាត់ប្រដាល់រហូតដល់៣ខែទើបអ្នកស្រីយល់ឲ្យចូលហ្វឹកហាត់ដូចបំណង។ កីឡាការិនីគុនខ្មែរជម្រើសជាតិរូបនេះបានឈប់ពីការងាររោងចក្រនៅម្ដុំព្រែកថ្លឹងភ្លាមៗ ក្រោយម្ដាយអនុញ្ញាតនៅដើមឆ្នាំ២០១៤។ បន្ទាប់មកនាងបានចូលហ្វឹកហាត់នៅក្លឹបដំបូងគឺតាឡីដំរីមានរិទ្ធិ ក្រោមការបង្ហាត់បង្ហាញពីលោកគ្រូ ញ៉ូវ ម៉ាក និងលោក ម៉ាក សាខន។

ការចូលហ្វឹកហាត់នៅក្លឹបនេះព្រោះគ្រានោះ បងប្រុសបង្កើត នៅ ស៊ីថា ក៏ធ្លាប់ហ្វឹកហាត់ទីនោះដែរ មុនឈប់ពីកីឡាប្រដាល់ទៅលក់ត្រី។ គ្រាន់តែចូលហ្វឹកហាត់បានរយៈពេល១ខែ នៅ ស្រីពៅ ត្រូវចាប់គូឲ្យប្រកួតនៅសង្វៀនប្រដាល់ប៉ុស្តិ៍បាយ័ន តតាំងនឹង វី ស្រីល័ក្ខ ។ គ្រានោះ ស្រីពៅ ឈ្នះការប្រកួតដោយទទួលបានតម្លៃខ្លួន៣០ ម៉ឺនរៀល ដែលជាការចងចាំលើកដំបូងក្នុងអាជីពកីឡាប្រដាល់។ បែបណាក្ដីពេលនេះ អ្នកស្រី កឹម សយ មានមោទកភាពចំពោះកូនស្រី ដែលធ្វើបានល្អសម្រាប់ខ្លួនឯង និងចំពោះក្រុមគ្រួសារលើឆាកអន្តរជាតិ ជាពិសេសការទទួលជ័យជម្នះផ្ទួនៗលើឆាកអន្តរជាតិនៅសង្វៀន World Lethwei Championship នាប្រទេសមីយ៉ាន់ម៉ា និងសង្វៀនកម្រិតពិភពលោក One Championship កាលពាក់កណ្ដាលខែកុម្ភៈ។

បន្ទាប់ពីត្រូវបានជ្រើសរើសជាកីឡាការិនីឆ្នើមនៅសង្វៀន World Lethwei Championship ប្រចាំឆ្នាំកន្លងទៅថ្មីៗនេះ ជើងឯកគុនខ្មែរទម្ងន់៦៣,៥ គីឡូក្រាម រូបនេះ បានគូសបញ្ជាក់ថា ប្រដាល់បានរួមចំណែកដល់ជីវភាពគ្រួសារមួយចំណែក និងចង់ចេញទៅប្រកួតនៅក្រៅស្រុកឲ្យបានច្រើនព្រោះមិនសូវមានគូវ៉ៃក្នុងស្រុក។ បន្ទាប់ពីធ្វើឲ្យកក្រើកដល់អ្នកគាំទ្រប្រដាល់ នៅ ស្រីពៅ ត្រូវបានកោះហៅឲ្យចូលហ្វឹកហាត់ប្រដាល់សកលជម្រើសជាតិ ដែលមាន លោកគ្រូ វ៉ែន សុផល ជាអ្នកបង្ហាត់នៅពហុកីឡដ្ឋានជាតិ ជារៀងរាល់ថ្ងៃក្នុងគោលដៅត្រៀមចេញទៅប្រកួតកីឡាស៊ីហ្គេមតំណាងជាតិ ដែលរៀបចំនៅ ហ្វីលីពីន នាចុងឆ្នាំនេះ៕

ដកស្រង់ពី៖ Sabay