បណ្តាញសង្គម

​នៅ​ ​ស្រីពៅ ​មិន​ខ្លាច​រអា ​​​ទោះប៉ះអ្នកណាក៏ហ៊ានវ៉ៃនៅ ONE ​

កីឡាការិនីគុនខ្មែរ នៅ ស្រីពៅ ដែលចាប់ផ្ដើមហ្វឹកហាត់គុនខ្មែរនៅក្លឹបប្រដាល់តាឡីដំរីមានរិទ្ធតាំងពីឆ្នាំ ២០១៤ បានថ្លែងប្រាប់ថា៖«ខ្ញុំមិនខ្លាចគូប្រកួតណាទាំងអស់នៅសង្វៀន One Championship ឲ្យតែត្រូវគីឡូ ហើយខ្ញុំបន់ឲ្យតែគេចាប់គូឲ្យវ៉ៃ។

ព្រោះអី នៅកម្ពុជា ឥឡូវនេះ ពិបាករកដៃគូវ៉ៃជាមួយខ្ញុំ។ ដូច្នេះបើសួរខ្ញុំ ចង់ប្រកួតទៀតអត់ ...ខ្ញុំត្រូវតែឆ្លើយថា ចង់ប្រកួត ហើយជាមួយអ្នកណាក៏បាន»។ ការថ្លែងអំពីការតាំងចិត្តបែបនេះ បន្ទាប់ពី ស្រីពៅ មិនទាន់ចាញ់នៅឡើយក្នុងការប្រកួតនៅក្រៅប្រទេស៣លើកកន្លងមក ជាពិសេសជ័យជម្នះលើកីឡាការិនីមានបទពិសោធច្រើនម្ចាស់ផ្ទះថៃ Rika Ishige ដោយពិន្ទុកាលពាក់កណ្ដាលខែកុម្ភៈកន្លងទៅក្នុងកម្មវិធី One: Clash of Legends នាទីក្រុងបាងកក។

ទោះជាអន្ទះសាចង់ប្រកួតប្រកួតយ៉ាងណាក្ដី ប៉ុន្តែ កីឡាការិនីដែលមានវ័យ២៤ ឆ្នាំរូបនេះរៀបថា គេត្រូវប្រឹងប្រែងហ្វឹកហាត់ប្រដាល់សកលជាមួយលោកគ្រូ វ៉ែន សុផល នៅពហុកីឡដ្ឋានជាតិ ទាំងព្រឹក និង ល្ងាច ក្រោយពីការកោះហៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីត្រៀមចេញទៅប្រកួតនៅស៊ីហ្គេម ចុងឆ្នាំនេះនៅប្រទេសហ្វីលីពីន។ ប្អូនស្រីបង្កើតរបស់អតីតកីឡាករប្រដាល់ នៅ ស៊ីថា បញ្ជាក់ថា ៖«ខ្ញុំរវល់ហាត់ប្រដាល់សកលជាងមួយខែហើយតាំងពីឈ្នះកីឡាការិនីថៃ។

ខ្ញុំផ្ដោតលើការហាត់ប្រដាល់សកលដើម្បីចេញវ៉ៃតំណាងឲ្យកម្ពុជា។ ខ្ញុំផ្អាក ហាត់ប្រដាល់សេរីសិន»។ កីឡាការិនីឆ្នើមប្រចាំសង្វៀន World Lethwei Championship របស់ប្រទេសមីយ៉ាន់ម៉ាក្រោយឈ្នះ Shwe Sin Min កាលខែកុម្ភៈ រូបនេះបានយកចិត្តទុកដាក់ហ្វឹកហាត់ខ្លាំងក្លាដើម្បីដាក់គោលដៅយកមេដាយជូនកម្ពុជាក្នុងការបង្ហាញខ្លួនស៊ីហ្គេម ចុងឆ្នាំ ២០១៩ នេះ។

ម្ចាស់ខ្សែក្រវាត់គុនខ្មែរអន្តរជាតិទម្ងន់៥៣,៥ គីឡូក្រាមរូបនេះសង្កត់ធ្ងន់ថា ៖«ឥឡូវជាប់ហាត់ប្រដាល់នៅជម្រើសជាតិអីចឹងប្រហែលមិនទាន់អាចចេញទៅប្រកួតខាងក្រៅទេ ព្រោះក្រសួងប្រមូលផ្ដុំជម្រើសជាតិ។ តែពេលចប់ភារកិច្ចស៊ីហ្គេម ខ្ញុំស្វាគមន៍ប៉ះអ្នកណាក៏បាន។ បើយើងចាញ់ យើងត្រូវប្រឹងបន្តទៀត តែចាញ់ ឬ ឈ្នះ ខ្ញុំវ៉ៃច្បាស់ជាល្អមើល»។

នៅ ស្រីពៅ ដែលមានដើមកំណើតនៅចម្ការដូងរាជធានីភ្នំពេញ បានចូលហ្វឹកហាត់ប្រដាល់ តាំងពីឆ្នាំ ២០១៤ ជាមួយបងប្រុសបង្កើតឈ្មោះ នៅ ស៊ីថា។ យ៉ាងណា ឥឡូវបងប្រុសបង្កើតបានបញ្ចប់អាជីពហើយដោយទៅប្រកបរបររកស៊ីវិញ។ គ្រូបង្វឹករបស់ ស្រីពៅ ដំបូងគឺ ញ៉ូវ ម៉ាក និង លោកគ្រូ ម៉ាក សាខន នៃក្លឹបតាឡីដំរីមានរិទ្ធិដែលមានសិស្សឆ្នើម ផល សោភ័ណ្ឌ។ ប៉ុន្តែមុនពេលទៅប្រកួតក្នុងកម្មវិធី MMA ឬ One កីឡាការិនីរូបនេះទៅហ្វឹកហាត់ក្បាច់ឃ្លេ ឬ គុនចម្រុះជាមួយគ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ នៃក្លឹប Cambodian Top Team៕

ដកស្រង់ពី៖ Sabay