បណ្តាញសង្គម

Pep សុំ​ទោស​ Man United តែ​ថា​ការ​អបអរ​របស់​ City មិន​ខុស​ទេ​

Pep Guardiola បានសម្ដែងការសោកស្ដាយ និងសុំទោសបើសិនជាការអបអរជ័យជម្នះរបស់ Manchester City លើ Manchester United ធ្វើឲ្យប៉ះពាល់ដល់ម្ចាស់ផ្ទះ។

ក្រុមរហស្សនាមថាមេឃខៀវបានយកឈ្នះគូប្រជែង United ក្នុងលទ្ធផល ២ទល់នឹង១ធ្វើឲ្យពួកគេដាច់ពិន្ទុដល់ទៅ១១។ ក្រោយចប់ការប្រកួតកីឡាករ និងបុគ្គល រួមទាំងគ្រូបង្វឹកផងបាននាំគ្នាអបអរជ័យជម្នះរហូតមានការប៉ះទង្គិចគ្នាដោយហិង្សា។

មានសេចក្ដីរាយការណ៍ថាលោក Jose Mourinho ត្រូវគប់នឹងដបទឹកដោះគោ ហើយជំនួយការគ្រូបង្វឹកម្នាក់របស់ Man City ក៏រងរបួសដោយការវាយតប់ផងដែរ។ យ៉ាងណា FA កំពុងស៊ើបអង្កេតបញ្ហានេះ។ ទោះមិនទាន់រកឃើញ សខ្មៅតែ Pep សម្រេចចិត្តសុំទោសចំពោះហេតុការណ៍កាលពីថ្ងៃអាទិត្យ បើសិនជាទង្វើរបស់ក្រុមលោកពិតជាប៉ះពាល់ដល់ម្ចាស់ផ្ទះទាំងមូល មិនមែនប៉ះពាល់ត្រឹមតែលោក Mourinho ឬក៏កីឡាករណាម្នាក់។

អ្នកចាត់ការសញ្ជាតិអេស្ប៉ាញយល់ថាការអបអរជ័យជម្នះគឺមិនខុសឆ្គងអ្វីទេ តែបើវាមិនអាចទទួលយកបានលោកសុខចិត្តសុំទោស។ គួរបញ្ជាក់ថា Pep និង Mourinho ធ្លាប់ជាមិត្តភក្ដិ­គ្នាកាលធ្វើជាជំនួយការគ្រូបង្វឹកនៅ Barcelona ប៉ុន្តែទំនាក់ទំនងអ្នកទាំង២កាន់តែប្រេះឆាចាប់តាំងពីឈានជើងចូលអាជីពដឹកនាំក្រុមរៀងៗខ្លួន៕

ដកស្រង់ពី៖ Sabay