បណ្តាញសង្គម

AFC Cup៖ កម្ពុជា ប៉ះវៀតណាមយប់នេះ តែ ចាន់ វឌ្ឍនាកា មិនទាន់ច្បាស់បានលេងឬអត់?

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតជើងទី២ ជាមួយក្រុមម្ចាស់ផ្ទះវៀតណាម នៅកីឡដ្ឋាន MY Dinh Stadium នាវេលាម៉ោង ៧យប់នេះ ក្នុងវគ្គជម្រុះពូល C នៃពានរង្វាន់បាល់ទាត់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 ខណៈជើងទី១ កម្ពុជាចាញ់ក្នុងដី ២-១ ។

 ប៉ុន្ដែជំនួបដ៏សំខាន់នេះ ពុំច្បាស់ខ្សែប្រយុទ្ធឆ្នើមកម្ពុជា ចាន់ វឌ្ឍនាកា អាចបង្ហាញវត្តមានលើទីលាន ដើម្បីជួយមិត្តរួមក្រុម ឬក៏អត់ទេ បន្ទាប់ពីគេរងរបួស អំឡុងពេលប្រកួតមិត្តភាពជាមួយឥណ្ឌូនេស៊ីកាលពីថ្មីៗកន្លងទៅ។

លោក Leonardo Vitorino គ្រូបង្វឹកក្រុមរហស្សនាមគោព្រៃកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា ជំនួបជើងទី២ ជាមួយម្ចាស់ផ្ទះវៀតណាមយប់នេះ គឺជាការប្រកួតសំខាន់ ដើម្បីបន្ដក្ដីសង្ឃឹមស្វែងរកកៅអីវគ្គបន្ដ ខណៈកូនក្រុមបានត្រៀមខ្លួនជាស្រេច សម្រាប់ការប្រកួតក្រៅដីនេះ ។

ដោយឡែកចំពោះបច្ចុប្បន្នភាពរបស់សមាជិកក្លឹប Fujieda MYFC នៃលីគទី៣ ជប៉ុនកីឡាករ ចាន់ វឌ្ឍនាកា គឺមិនទាន់ច្បាស់គេអាចលេងបាន ឬអត់ទេ ដោយរង់ចាំស្ថានភាពជាក់ស្ដែង ព្រោះគេមានរបួសខ្លះ ពេលប្រកួតមិត្តភាពជាមួយឥណ្ឌូនេស៊ី។

តែយ៉ាងណាប្រសិនបើកូនប្រុសបង្កើតរបស់អភិបាលខេត្តកំពត វឌ្ឍនាកា អវត្តមានមិនបានចូលលេងពិតមែន គ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះ ក៏មិនមានការបារម្ភអ្វីដែរ ដោយសារកីឡាករម្នាក់ៗ លោកបានចាត់ទុកមានសមត្ថភាពប្រហាក់ប្រហែលគ្នា ហើយលោកបានត្រៀមកីឡាករជានិច្ច ដើម្បីជំនួសកន្លែងតំណែងរបស់ ចាន់ វឌ្ឍនាកា បើទោះបីខ្សែបម្រើ-ប្រយុទ្ធ ប្រាក់ មុន្នីឧត្តម អវត្តមានដែរក៏ដោយ ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់អតីតគ្រូបង្វឹកក្រុមយុវជននៃក្លឹប Buriram United រូបនេះ។

គួរបញ្ជាក់ថា បេសកកម្មខាងលើ ក្រុមគោព្រៃកម្ពុជាមានសមាជិកត្រឹម ២២នាក់ប៉ុណ្ណោះ ក្រោយការដកខ្លួនរបស់កីឡាករ ប្រាក់ មុន្នីឧត្តម ដែលមានបញ្ហាគ្រួសារមុនចេញដំណើរ ។

នេះគឺជាប្រកួតទី៤ ក្នុងពូលC របស់ក្រុមទាំងពីរ ខណៈ ៣ប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាកន្លងមក គឺឈ្នះ១ និងចាញ់២ មាន ៣ពិន្ទុ ឈរលេខ៣ ក្រោមវៀតណាមឈរលេខ២ និងមាន ៥ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ៣ប្រកួតឈ្នះ១ និងស្មើ ២ ។ ដូច្នេះប្រកួតយប់នេះ កម្ពុជាត្រូវការឈ្នះដាច់ខាត បើមិនដូច្នោះកម្ពុជា នឹងប្រឈមការហាលអាវតែម្ដង៕

ដកស្រង់ពី៖FRESH NEW