Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សំបកកង់ឡាន ម៉ាក SAILUN ដែលផលិតដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា ត្រូវបានដាក់សម្ពោធជាផ្លូវការ

  • បោះពុម្ព

(ភ្នំពេញ)៖ ផលិតផលសំបកកង់ឡាន ម៉ាក SAILUN ដែលត្រូវបានផលិតដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា ត្រូវបានដាក់សម្ពោធជាផ្លូវការ នាយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមវត្ដមាន អគ្គនាយក អគ្គនាយិកា ម្ចាស់ដេប៉ូ លោក លោកស្រី អ្នកនាង កញ្ញា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើននាក់។

លោក គឹន ឧត្ដមមុនីស៊ីណាត ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន PIC TIRE Co., LTD ដែលជាក្រុមហ៊ុនទទួលសិទិ្ធចែកចាយផ្តាច់មុខ នូវផលិតផលសំបកកង់ឡានទាំងក្រៅ និងផលិតផល ដែលផលិតក្នុងប្រទេស ម៉ាក SAILUN បានឲ្យដឹងថា សំបកកង់ឡានមួយនេះ មិនមែនជាយីហោ ឬក៏ម៉ាកសញ្ញាដ៏ថ្មីស្រឡាង ដែលទើបនិងមានវត្តមាន នៅក្នុងប្រទេសកម្ពុជានោះទេ។

លោក គឹន ឧត្ដមមុនីស៊ីណាត បានបញ្ជាក់ថា SAILUN ជាក្រុមហ៊ុនដ៏ចំណាស់មួយ ត្រូវបានផលិតឡើងដំបូង នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០២ គិតមកទល់បច្ចុប្បន្ននេះ មានអាយុកាលប្រមាណជា ២២ឆ្នាំទៅហើយ។ បច្ចុប្បន្ន SAILUN ត្រូវបានចែកចាយជាលក្ខណៈអន្តរជាតិ ទូទាំងសកលលោក រហូតដល់ជាង១៨០ប្រទេស។ បន្ថែមពីនោះទៀត លោកបានគូសបញ្ជាក់ថា SAILUN មានរោងចក្រផលិតសំបកកង់ឡាន ចំនួន៩រោងចក្រ ដែលមាននៅប្រទេសចិន ៥រោងចក្រ, នៅប្រទេសវៀតណាម ២រោងចក្រ និងនៅក្នុងប្រទេសកម្ពុជា ១រោងចក្រ។

បច្ចុប្បន្នមានរោងចក្រ ដែលកំពុងសាងសង់មួយទៀត នៅលើទឹកដីប្រទេសដ៏ស៊ីវិល័យមួយ នៅប៉ែកបស្ចិមប្រទេស គឺប្រទេស Mexico។ លោកបានលើកឡើងទៀតថា ក្រៅពីរោងចក្រ, SAILUN ក៏មានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍ ចំនួន៤ ដែលមាននៅប្រទេសចិន សហគមន៍អឺរ៉ុប ប្រទេសកាណាដា និងប្រទេសវៀតណាមផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ SAILUN ក៏មានមជ្ឈមណ្ឌលលក់ចំនួន១០កន្លែងទៀត នៅទូទាំងពិភពលោក។ លោកបានថ្លែងថា នៅពីខាងក្រោយភាពខ្លាំងរបស់ SAILUN Group ដើមឡើយ SAILUN Group គឺជាអ្នកឯកទេសផលិត និងផ្គត់ផ្គង់ម៉ាស៊ីនផលិតសំបកកង់ឡានម៉ាក MESNAC ជាប់ចំណាត់ថ្នាក់លេខ១ ជាច្រើនឆ្នាំជាប់ៗគ្នា លើពិភពលោក ក្នុងនោះ MESNAC ក៏បានផ្គត់ផ្គង់ម៉ាស៊ីននេះ ជូនទៅក្រុមហ៊ុនផលិតសំបកកង់ឡានដ៏ល្បីៗជាច្រើន នៅលើពិភពលោកផងដែរ។

លោកបានលើកឡើងថា កត្តាទាំងនេះហើយ ដែលធ្វើឲ្យ SAILUN ខ្លាំង កត្តាទាំងនេះហើយ ដែលធ្វើឲ្យ SAILUN រីកលូតលាស់លឿនបំផុត ដែលមិនអាចនឹកស្មានដល់ រហូតមានវត្តមានរោងចក្រដ៏ធំបំផុត ដែលមិនធ្លាប់មាន នៅក្នុងទឹកដីនៃប្រទេសកម្ពុជា ដែលមានឈ្មោះថា រោងចក្រ CART TIRE គឺជាបុត្រសម្ព័ន្ធរបស់ SAILUN Group ទើបនឹងមានតែមួយគត់ នៅខេត្តស្វាយរៀង។ លោក ឆាវ គ័រឈៀង អនុប្រធានគ្រប់គ្រងទូទៅ ក្នុងតំបន់អាស៊ីទាំងមូល តំណាង SAILUN GROUP បានឲ្យដឹងថា ជាច្រើនឆ្នាំកន្លងមកនេះ SAILUN តែងតែប្រកាន់ខ្ជាប់ នូវភាពជាអ្នកដឹកនាំ នៃការបង្កើតថ្មី ពឹង ផ្អែកលើគុណសម្បត្តិរួម នៃសង្វាក់ឧស្សាហកម្ម បន្តពង្រឹងការស្រាវជ្រាវជាមូលដ្ឋាន និងការប្រើប្រាស់សម្ភារៈថ្មីៗ ដោយនាំមុខគេ ក្នុងការទទួលយកសម្ភារៈលាយកៅស៊ូគីមីថ្មី ដំបូងគេរបស់ពិភពលោក។

លោកបន្ដថា សំបកកង់នេះ បានឈានដល់កម្រិតខ្ពស់បំផុត (កម្រិត A) នៃបទប្បញ្ញត្តិដាក់ស្លាករបស់សហភាពអឺរ៉ុប ទាក់ទងនឹងភាពធន់នឹងការរំកិល និងការក្ដាប់សំណើម ថែមទាំងសំរេចបាននូវរបកគំហើញ នៃភាពពណ៌បៃតង កាបូនទាប និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព នៅក្នុងវដ្ដជីវិតទាំងមូល នៃការជ្រើសរើសវត្ថុធាតុដើមសំបកកង់ ការផលិត ការប្រើប្រាស់ផលិតផល និងការកែច្នៃឡើងវិញ៕

សូមជម្រាបថា រោងចក្រផលិតសំបកកង់ឡាន «CART TIRE» នៅខេត្តស្វាយរៀងនេះ មានទំហំផ្ទៃដីសរុប១២០ហិកតា និងបង្កើនការងារជូនប្រជាពលរដ្ឋ ប្រមាណជាជាង៣,៥០០កន្លែង នាំមកនូវចំណេះ ជំនាញ បច្ចេកទេស។ មិនត្រឹមតែប៉ុណ្ណោះ រោងចក្រមួយនេះ បានសហការគ្នាចុះ MOU ជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលហៅកាត់ថា សាលាតិចណូ (ITC) ដើម្បីបង្កើតឲ្យមានដេប៉ាតេម៉ង់ជំនាញ ថ្នាក់វិស្វករផ្នែកជ័រកៅស៊ូជាតិ ដែលជាជំនាញមួយ មិនធ្លាប់មាននៅកម្ពុជា នាពេលកន្លងមក៕

ដកស្រង់ពី៖Fresh New