បណ្តាញសង្គម

អំឡុង​រដូវ​កាល​ World Cup បើ​ចង់​ទៅ​កាតាត្រូវ​ធ្វើ​ដូច​ម្ដេច​ខ្លះ?

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ World Cup នឹងចាប់ផ្ដើមហើយ។ ក្នុងថ្ងៃនេះដែរ Sabay នឹងផ្ដល់ព័ត៌មានត្រួសៗដល់ប្រិយមិត្តពាក់ព័ន្ធនឹងការទៅទស្សនាព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅក្នុងប្រទេសកាតា។

សំបុត្រយន្តហោះ

សំបុត្រយន្តហោះទៅរាជធានីដូហា ប្រសិនបើកក់នៅក្នុងសប្ដាហ៍មានតម្លៃខ្ទង់ ១,២៥០តម្លៃ សម្រាប់កៅអី Economy Class ដល់ថ្នាក់ប្រមាណ ៥ពាន់ដុល្លារអាមេរិកសម្រាប់កៅអី First Class។

រយៈពេលហោះហើរពីភ្នំពេញ ទៅដូហាអាចពីខ្ទង់ ១៧ម៉ោង ទៅ២០ម៉ោង។ នេះបើតាមព័ត៌មានពី Google flights។ នៅពេលនេះមិនទាន់មានជើងហោះត្រង់ទេ ដោយយើងអាចឈប់នៅហ្វីលីពីន ឬ ឈប់នៅរាជធានីបាងកកសិនមុននឹងទៅកាតារ។

ទិដ្ឋាការ ឬ Visa ចូលប្រទេសកាតារ

ទាក់ទិនរឿងទិដ្ឋាការនេះដែរ អំឡុងរដូវកាល World Cup ខាងកាតាតម្រូវឱ្យភ្ញៀវទេសចរទាំងអស់ដាក់ពាក្យយកប័ណ្ណហាយ៉ា (Hayya Card)។ ដើម្បីបានប័ណ្ណនេះ គេត្រូវការរូបថតរបស់យើង លិខិតឆ្លងដែនចម្លង ព័ត៌មានលេខសម្រាប់ទំនាក់ទំនងពេលមានគ្រោះអាសន្ន និងចុងក្រោយគឺលេខសំបុត្រចូលមើលការប្រកួត World Cup។

តម្លៃនៃការយកប័ណ្ណនេះគឺ៖

ប្រមាណ ៣០ដុល្លារអាមេរិក សម្រាប់ការរង់ចាំ ៧ថ្ងៃ

ប្រមាណ ៥៥ដុល្លារអាមេរិក សម្រាប់ការរង់ចាំ ៥ថ្ងៃ

ប្រមាណ ៩១ដុល្លារអាមេរិក សម្រាប់ការរង់ចាំ ៣ថ្ងៃ

 

ព័ត៌មានលម្អិត៖ https://hayya.qatar2022.qa/។

សណ្ឋាគារ

កាតាត្រៀមសណ្ឋាគារជាច្រើនសម្រាប់ព្រឹត្តិការណ៍ World Cup។ បើតាមទិន្នន័យរបស់ Google សណ្ឋាគារនៅប្រទេសនេះមានចាប់ពីថ្លៃក្បែរ ១០០ដុល្លារអាមេរិក សម្រាប់មួយយប់ និងសម្រាប់គ្នា ២នាក់។

សម្រាប់រដូវកាល World Cup គេតម្រូវឱ្យយើងចុះឈ្មោះតាមទំព័រនេះ http://qatar2022.qa/book។

សំបុត្រចូលមើលការប្រកួត

សម្រាប់សំបុត្រចូលមើលការប្រកួតវិញ ត្រូវតែទិញពីទំព័រនេះ https://www.fifa.com/tickets។ នៅអំឡុងពេលនេះដែរ គេលក់ក្នុងដំណាក់កាលចុងក្រោយហើយ ហើយការទិញតាមអនឡាញក៏ត្រូវរង់ចាំយូរដែរ។ ការទិញត្រូវប្រើកាតធនាគារអន្តរជាតិ Visa Card ហើយគិតជាលុយរៀលកាតារ (QR)។

១ដុល្លារអាមេរិក ស្មើប្រមាណ ៣,៦៤កាតាររៀល។ ចំពោះតម្លៃសំបុត្រវិញគឺខុសៗគ្នាតាមប្រភេទរបស់គេ។ សម្រាប់ទស្សនិកជនទូទៅ តម្លៃសំបុត្រមានចាប់ពី ៥៥ដុល្លារអាមេរិកទៅ។ ប៉ុន្តែសម្រាប់ប្រកួតវគ្គផ្ដាច់ព្រ័ត្រសំបុត្រយ៉ាងតិចក៏ក្បែរ ២០០ដុល្លារដែរ៕