បណ្តាញសង្គម

Mane នឹង​ខកខាន​ចូល​លេង​ប្រកួត​ដំបូង​ៗ​នៅ​ World Cup

ខ្សែប្រយុទ្ធក្លឹប Bayern Munich កីឡាករ Sadio Mane នឹងខកខានចូលលេងប្រកួតដំបូងៗឱ្យក្រុមជម្រើសជាតិសេណេហ្គាល់ នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២នាឯប្រទេសកាតារ។

នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន AP។សារព័ត៌មានខាងលើបានធ្វើការដកស្រង់នូវការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់របស់សហព័ន្ធបាល់ទាត់សេណេហ្គាល់លោក Abdoulaye Sow។

លោក Sow បាននិយាយថា៖ «យើងនឹងត្រូវតែលេងប្រកួតដំបូងៗដោយគ្មានវត្តមាន Sadio និងឈ្នះការប្រកួតដោយគ្មាន Sadio»។ ខាងសេណេហ្គាល់បានឱ្យដឹងថា Mane មានរបួសឆ្អឹងកំភួនជើង តែកីឡាករឆ្នើមអាហ្វ្រិករូបនេះមិនត្រូវការការវះកាត់ទេ។

 សេណេហ្គាល់ស្ថិតនៅពូល A ជាមួយកាតារ ហុល្លង់ និងអេក្វាឌ័រ។ ប្រកួតបើកឆាករបស់ប្រទេសនេះគឺប៉ះនឹងប្រទេសហុល្លង់នៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ៕