បណ្តាញសង្គម

World Cup ឆ្នាំ១៩៥៨៖ ជម្រើសជាតិប្រេស៊ីលបើកសករាជ លើកពានពិភពលោកជាលើកដំបូង ដោយមានវត្តមាន Pele

ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ១៩៥៨ គឺជាព្រឹត្តិការណ៍បាល់ទាត់ពិភពលោកលើកទី៦ ត្រូវបានលេងនៅប្រទេសស៊ុយអែតចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ១៩៥៨។

ប្រេស៊ីលបានយកឈ្នះស៊ុយអែត ក្នុងវគ្គផ្តាច់ព្រ័ត្រនៅជាយក្រុង Stockholm ដើម្បីដណ្តើមបានជើងឯកជាលើកដំបូងរបស់ពួកគេ ដោយមានវត្តមានស្ដេចបាល់ទាត់ Pelé វ័យត្រឹម ១៧ឆ្នាំនៅក្នុងក្រុមផងដែរ។

ដើមដំបូងមានប្រទេស អាហ្សង់ទីន ឈីលី ម៉ិកស៊ិក និងស៊ុយអែត បានបង្ហាញចំណាប់អារម្មណ៍ក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួត។ យ៉ាងណាប្រតិភូ ស៊ុយអែតបានបញ្ចុះបញ្ចូលប្រទេសផ្សេងទៀតនៅឯសមាជរបស់ FIFA ដែលធ្វើឡើងនៅទីក្រុង Rio de Janeiro ជុំវិញការបើកការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ១៩៥០។

ប្រទេសស៊ុយអែតត្រូវបានជ្រើសជាម្ចាស់ផ្ទះ World Cup ឆ្នាំ ៥៨ ដោយមិនមានសំឡេងជំទាស់នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ១៩៥០។

ទីក្រុងដែលរៀបចំ និងកីឡដ្ឋាន៖

ទីក្រុងសរុបចំនួន ១២ នៅទូទាំងផ្នែកកណ្តាល និងភាគខាងត្បូងនៃប្រទេសស៊ុយអែតត្រូវបានប្រើរៀបចំការប្រកួតនេះ។

បទប្បញ្ញត្តិរបស់ FIFA តម្រូវឱ្យកីឡដ្ឋានយ៉ាងហោចណាស់ ៦ មានសមត្ថភាពផ្ទុកយ៉ាងហោចណាស់ ២ម៉ឺននាក់។ កីឡដ្ឋាន Råsunda ត្រូវបានពង្រីកដល់ ៣៨០០០នាក់ សម្រាប់ការប្រកួត World Cup ។

 បន្ទាប់មកកីឡដ្ឋាន Malmö Stadion ថ្មីត្រូវបានសាងសង់ឡើងសម្រាប់ World Cup ដោយជំនួសកីឡដ្ឋានចាស់ Malmö Stadion ឆ្នាំ ១៨៩៦។ កីឡដ្ឋានដែលប្រើប្រាស់ច្រើនបំផុតគឺកីឡដ្ឋាន Råsunda ក្នុងទីក្រុង Stockholm ដែលរៀបចំការប្រកួតចំនួន ៨ រួមទាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រ បន្ទាប់មកគឺកីឡដ្ឋាន Ullevi ក្នុងទីក្រុង Gothenburg (កីឡដ្ឋានដ៏ធំបំផុតដែលប្រើប្រាស់ក្នុងការប្រកួត) ដែលរៀបចំការប្រកួតចំនួន ៧ ។

កីឡដ្ឋាន Malmö ទទួលភ្ញៀវ ៤ ប្រកួត, Norrköping ម្ចាស់ផ្ទះ ៣ ប្រកួត។ កីឡដ្ឋាន Halmstad, Helsingborg, Västerås និង Sandviken បានរៀបចំការប្រកួតចំនួន ២ ហើយ កីឡដ្ឋាន Örebro, Eskilstuna និង Uddevalla បានធ្វើម្ចាស់ផ្ទះ ១ ប្រកួត។ក្រុមដែលចូលរួម មិនមាន ចាប់ឆ្នោតរៀបចំការប្រកួតបាល់ទាត់ពិភពលោកនេះទេ ហើយក្រុមទាំងអស់ត្រូវបានបែងចែកតាមទីតាំងភូមិសាស្រ្តជាក់ស្ដែង។

ប្រទេសដែលចូលរួមមានដូចជា៖

ស៊ុយអែត (ម្ចាស់ផ្ទះ) អាល្លឺម៉ង់ខាងលិច (ជើងឯកចាស់) អូទ្រីស បារាំង ឆេកូស្លូវ៉ាគី ហុងគ្រី សហភាពសូវៀត យូហ្គោស្លាវី អង់គ្លេស អ័រឡង់ខាងជើង ស្កុតឡេន វេលស៍ អាហ្សង់ទីន ប្រេស៊ីល ម៉ិកស៊ិក និងប៉ារ៉ាហ្គាយ។វគ្គផ្ដាច់ព្រ័ត្រ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រគឺធ្វើឡើងនៅ កីឡដ្ឋាន Råsunda, Solna ដោយមានអ្នកទស្សនាជិត ៥ម៉ឺននាក់។

ការប្រកួតនេះត្រូវបានកាត់ក្ដីដោយអាជ្ញាកណ្តាលឈ្មោះ Maurice Guigue មានសញ្ជាតិបារាំងរវាងប្រេស៊ីល និងម្ចាស់ផ្ទះស៊ុយអែត។ ជាលទ្ធផល ៩០នាទី ក្រុមប្រេស៊ីលបានយកឈ្នះ ស៊ុតអែត ៥-២ ក្លាយជាជើងឯកពិភពលោក លើកដំបូង ក្នុងនោះ ២គ្រាប់រកបានដោយកីឡាករវ័យក្មេង Pelé។

កីឡាករលេចធ្លោ

ត្បិតថា ឆ្នាំនេះជា World Cup ដំបូងរបស់ Pele ប៉ុន្តែកីឡាករលេចធ្លោក្នុងការប្រកួតគឺបានទៅលើ Fontaine ដែលជាអ្នកស៊ុតចូលទីច្រើនបំផុតចំនួន ១៣គ្រាប់ ហើយជាកំណត់ត្រាមួយមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជុំផ្ដាច់ព្រ័ត្រFIFA World Cup។

ឈ្មោះពេញ Just Louis Fontaine កើតថ្ងៃទី ១៨ ខែសីហា ឆ្នាំ ១៩៣៣ លោកគឺជាកីឡាករបាល់ទាត់អាជីពរបស់បារាំង។ ខ្សែប្រយុទ្ធដ៏ឆ្នើមមួយរូប ត្រូវបានគេស្គាល់ថាជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងការប្រកួត FIFA World Cup ជាមួយបាល់ ១៣គ្រាប់ ត្រឹម ៦ប្រកួតក្នុងឆ្នាំ ១៩៥៨។

ក្នុងឆ្នាំ ២០០៤ លោក Pelé បានដាក់ឈ្មោះគាត់ថាជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតចំនួន ១២៥ នាក់នៅក្នុងពិធីប្រគល់ពានរង្វាន់របស់ FIFA (FIFA Awards Ceremony)៕