បណ្តាញសង្គម

Ten Hag ទទួល​ស្គាល់​ ពេល​មាន Ronaldo បិសាច​ក្រហម​លេង​ល្

អ្នកចាត់ការរបស់ Manchester United លោក Erik ten Hag បានទទួលស្គាល់ថា ក្រុមរបស់លោកលេងល្អឡើងវិញពេលមាន Cristiano Ronaldo លើទីលាន។Ronaldo បានចាប់ផ្ដើមជាកីឡាករបម្រុងសម្រាប់ការប្រកួត Premier League ដំបូងរបស់ United ទល់នឹង Brighton នៅក្នុងកីឡដ្ឋាន Old Trafford និងបានចូលលេងនៅវគ្គទីពីរ។

ក្នុងការប្រកួតចាញ់ Brighton ២-១ បិសាចក្រហមរកគ្រាប់បាល់បាននៅនាទី៦៨ ពេលដែល Alexis Mac Allister ធ្វើឲ្យចូលទីខ្លួនឯង។ ក្នុងការប្រកួតនេះលោក Ten Hag បានទទួលស្គាល់ថា ទម្រង់លេងរបស់ United បានប្រសើរឡើងពេលដែលប្ដូរ Ronaldo ចូល។

និយាយប្រាប់ Sky Sport ក្រោយពីបញ្ចប់ការប្រកួតអ្នកចាត់ការសញ្ជាតិហុល្លង់លើកឡើងថា ច្បាស់ណាស់នៅវគ្គទីពីរ United ប្រសើរឡើងវិញនៅតំបន់កណ្ដាលពេលដែលទម្លាក់ Eriksen ចុះ និងដាក់ Ronaldo ឲ្យប្រយុទ្ធ។ ក្រុមបានបង្កើតឱកាសល្អៗ តែស្ដាយមិនអាចរកគ្រាប់បាល់បាន។

លោកក៏រំពឹងថា កម្លាំងកាយសម្បទារបស់ Ronaldo នឹងត្រលប់មកពេញលេញឆាប់ៗ ក្រោយសម្រាកមិនបានលេង Pre-season។ វាត្រូវការពេលវេលា និងមិនអាចបង្ខំ ដោយសារតែ Ronaldo ទើបតែហាត់បានមួយសប្ដាហ៍។ ប្រកួតកាលពីម្សិលមិញនឹងអាចជួយគេឲ្យប្រសើរសម្រាប់សប្ដាហ៍ខាងមុខ៕