បណ្តាញសង្គម

ប្រណាំង​កង់​ពិភពលោក​លើក​ទី១​នៅ​ខ្មែរ​ មាន​៣ដំណាក់កាល​ និង​ចម្ងាយ​ឆ្ងាយ​បំផុត​រហូត​ដល់​ ១៧៤​គីឡូម៉ែត្រ​

កម្ពុជានឹងគ្រោងរៀបចំការប្រណាំងកង់លំដាប់ពិភពលោក នាឆ្នាំ២០២០ខាងមុខនេះ ដែលមានកីឡាករ កីឡាការិនីអាជីពមកពី១៩ប្រទេសផ្សេងគ្នា។ ការប្រណាំងនេះគឺបែងចែកជា៣ដំណាក់កាល និងផ្លូវដូចខាងក្រោម។

ដំណាក់កាលទី១៖ ចាប់ពីថ្ងៃទី៤ ខែមករា ២០២០ ចេញដំណើរពីរមណីយដ្ឋានតារាសាគរនៃខេត្តកោះកុង ឆ្លងកាត់រង្វាន់មូលវិថីសាយភូថងឆ្ពោះទៅកាន់ទីរួមខេត្តកោះកុង ដែលមានចម្ងាយសរុបប្រមាណ ១៣៩គីឡូម៉ែត្រ។

ដំណាក់កាលទី២៖ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៥ ខែមករា ២០២០ ចេញដំណើរពីរង្វង់មូលរមណីយដ្ឋានតារាសាគរនៃខេត្តកោះកុង(ត្រង់រង្វង់មូលវិថីសាយភូថង) ឆ្លងកាត់មកផ្លូវបំបែកស្រែអំបិល ឆ្ពោះទៅរង្វង់មូលវាលរេញ និងបន្តទៅកាន់រមណីយដ្ឋានឋានសួគ៌បូកគោ នៃខេត្តកំពត ដែលមានចម្ងាយផ្លូវ ១៧៤គីឡូម៉ែត្រ។

ដំណាក់កាលទី៣៖ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៦ ខែមករា ២០២០ ដោយចេញដំណើរពីមុខសាលាខេត្តកែប ឆ្លងកាត់រង្វង់មូលសេះស ឆ្ពោះទៅកាន់រង្វង់មូលធូរេន នៃខេត្តកំពត រួចបន្តទៅកាន់រង្វង់មូលវាលរេញ និងបញ្ចប់នៅរង្វង់មូលតោពីរនៃខេត្តព្រះសីហនុ ដែលមានចម្ងាយសរុប ១៥៥គីឡូម៉ែត្រ។

រំលឹកដែរថា កម្ពុជា ដែលមានក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធប្រណាំងកង់កម្ពុជា បានសហការជាមួយសហព័ន្ធប្រណាំងកង់ពិភពលោក គ្រោងនឹងរៀបចំព្រឹត្តិការណ៍ប្រណាំងកង់លើកទី១នៅប្រទេសកម្ពុជា នាដើមខែមករា ឆ្នាំ២០២០។

សម្រាប់កីឡាករអាជីពដែលទាំង១៩ប្រទេសចូលរួមលើកនេះ នឹងទទួលបានការបូកពិន្ទុបន្ថែម World Ranking ព្រោះនេះជាការប្រកួតផ្លូវការ៕