បណ្តាញសង្គម

មិនត្រូវប្រើប្រាស់ទូរស័ព្ទ ពេលកំពុងបើកបរជាដាច់ខាត! ស្លាប់៣នាក់ និងរបួស១៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី៣១ ខែមីនាម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល ជាតិ បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ និងរបួសធ្ងន់ ១៣នាក់ របួសស្រាល៤នាក់ (ទិន្នន័យគ្រោះថ្នាក់គិតពីម៉ោង២រសៀលថ្ងៃទី៣០ ដល់ម៉ោង២រសៀលថ្ងៃទី៣១ ខែមីនា)។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ១៣គ្រឿង រថយន្តតូច ៣គ្រឿង និងយានយន្ដផ្សេងៗ ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន មិនគោរពសិទ្ធិ ប្រជែង បត់ឆ្វេង-ស្ដាំ និងមិនប្រកាន់ស្ដាំ។

សូមបញ្ជាក់ថា រយៈពេល៣១ថ្ងៃ ខែមីនា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៣៨៣លើក បណ្ដាលឲ្យ មនុស្សស្លាប់ចំនួន ២០៣នាក់ របួសធ្ងន់ចំនួន ៣១៧នាក់ និងរបួសស្រាលចំនួន ១៩៨នាក់៕

ដកស្រង់ពី៖FRESH NEWS