បណ្តាញសង្គម

អភិបាលខេត្តកំពង់ចាម៖ បទល្មើសថ្មីៗ ប្រើប្រាស់បណ្ដាញសង្គម ទាមទារឲ្យសមត្ថកិច្ចបង្កើនសមត្ថភាពទើបអាចបង្ក្រាបបាន

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក គួច ចំរើន បានថ្លែងថា រយៈពេល២ឆ្នាំចុងក្រោយនេះ ករណីបទល្មើសនៅក្នុងខេត្តកំពង់ចាម មិនមានអ្វីគួរឲ្យកត់សម្គាល់ធ្ងន់ធ្ងរនោះទេ ប៉ុន្តែបែរជាមានបទល្មើសថ្មីថ្មី ដែលជនល្មើសប្រើប្រាស់បណ្ដាញសង្គម ដែលប្រការនេះធ្វើឲ្យសមត្ថកិច្ចយើងត្រូវតែបង្កើនសមត្ថភាពទើបអាចឈានទៅ បង្ក្រាបបទល្មើសនោះបាន។

លោកអភិបាលបានថ្លែងដូច្នេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយនាយឧត្តមសេនីយ៍ ប្រាក់ សិទ្ធ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកវរសេនីយ៍ត្រី វ៉ាំងសង់ វ៉ង់នែប ប្រធានគម្រោងសហប្រតិបត្តិការទំនាក់ ទំនងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅសាលសាឡុងសាលាខេត្តកំពង់ចាម។ អភិបាលខេត្តបានថ្លែងថា ប្រជាពលរដ្ឋសរុបនៅក្នុងខេត្តកំពង់ចាមមានចំនួន ១លាន១សែននាក់។

ចំពោះបញ្ហាសន្តិសុខក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះមិនមានបទល្មើសអ្វីធ្ងន់ធ្ងរ គួរអោយកត់សម្គាល់នោះទេ។ ប៉ុន្តែស្ថានភាពបទល្មើសតែងតែមានការវិវត្ត ជឿនលឿនទៅតាមបច្ចេកវិទ្យា ដូចជា ការជំរិតតាមប្រព័ន្ធវេរលុយវីង និងការប្រើប្រាស់បណ្ដាញសង្គមដើម្បីគំរាមគ្នាជាដើម ដែលទាំងនោះគឺជាប្រភេទបទល្មើសថ្មីៗ ត្រូវទាមទារឲ្យសមត្ថកិច្ចយើងបង្កើនសមត្ថភាព លើចំណេះដឹងបច្ចេកវិទ្យា ទើបអាចឈានទៅធ្វើការបង្ក្រាបបទល្មើសនោះបាន។

ដោយឡែកចំពោះស្ថានភាពសេដ្ឋកិច្ច លោកអភិបាលខេត្ត បានឲ្យដឹងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ មានការធូរធាច្រើន ពោលសម្រាប់ប្រជាពលរដ្ឋ ខេត្តកំពង់ចាម បើប្រៀបធៀបជាមួយនឹងខេត្តផ្សេងៗ គឺអាចនិយាយបានថា ចាញ់តែទីក្រុងភ្នំពេញមួយទេ ពិសេសប្រភពកំណើនសេដ្ឋកិច្ចនៅក្នុងខេត្តកំពង់ចាមគឺតាមរយៈកម្មករ ដែលបំរើការងារ នៅតាមរោងចក្រទាំង១៤ នៅក្នុងខេត្តកំពង់ចាមផង ក៏ដូចជាចេញទៅធ្វើការនៅតាមបណ្ដារាជធានីខេត្ដផ្សេងៗទៀត និងការចាកចេញទៅធ្វើការនៅក្រៅប្រទេស ក៏មានចំនួនច្រើនដែរ ។

ជាក់ស្ដែង យើងគិតត្រឹមស្រុកជើងព្រៃមួយ ២ឆ្នាំចុងក្រោយនេះ មកដល់ខែមីនា ឆ្នាំ២០១៩ មានកម្មករ ២៣០.០០ នាក់ដែលកំពុងធ្វើការនៅទីនោះ ដែលពួកគាត់ទទួលប្រាក់ខែពីរោងចក្រក្នុងមួយខែ ប្រមាណជា ៥លានដុល្លារ ហើយនៅបណ្ដាស្រុកផ្សេងៗទៀតក៏មានអត្រា ប្រហាក់ប្រហែលគ្នានេះដែរ។

មួយផ្នែកទៀត បានមកពីផ្នែកកសិកម្ម ដែលជាផ្នែកប្រភពចំណូលមួយធំដែរនៅក្នុងខេត្តកំពង់ចាម ដែលមានសក្កដានុពលខាងដាំដុះ ទាំងដំណាំស្រូវ និងដំណាំផ្សេងៗទៀត ប៉ុន្តែឆ្នាំនេះតម្លៃស្រូវ និងតម្លៃស្វាយចន្ទី មានការស្រុតចុះបន្តិច ប៉ុន្តែឡើងថ្លៃ ដំណាំកៅស៊ូ ហើយទាំងនេះគឺជាប្រភពសេដ្ឋកិច្ចធំៗ សម្រាប់ខេត្តកំពង់ចាមរបស់យើង។

ចំណែកផ្នែកសេវាកម្មក៏មានប្រភពចំណូលគួរសមដែរ ប៉ុន្តែមិនអាចប្រៀបទៅនឹងប្រភពចំណូលលើវិស័យទាំង ៣ ដូចខាងលើនោះទេ ដោយសារវិស័យផ្នែកសេវាកម្មនេះ គឺនៅមានលក្ខណៈតូចៗ នៅឡើយ ដែលខេត្តមិនទាន់បានពង្រីកវិស័យនេះឲ្យបានធំដុំនៅឡើយ៕

ដកស្រង់ពី៖FRESH NEWS