Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនជាតិជប៉ុនទាំង២នាក់ ត្រូវតុលាការខេត្តសៀមរាប ចេញដីកាឃុំខ្លួន ពាក់ព័ន្ធចាក់សម្លាប់​​អ្នកបើករថយន្ដតាក់ស៊ីនៅស្រុកពួក

  • បោះពុម្ព

(សៀមរាប)៖ ជនជាតិជប៉ុន២នាក់ ដែលបានធ្វើសកម្មភាពចាក់សម្លាប់អ្នកបើករថយន្ដតាក់ស៊ី យ៉ាងសាហាវព្រៃផ្សៃដោយមិនញញើតដៃ ដើម្បីប្លន់យករថយន្ដតាក់ស៊ី ម៉ាក Highlander នៅស្រុកពួក នោះត្រូវបានតុលាការចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារហើយ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ។

នេះបើយោងតាមដីការបស់លោក ជូ លឹមហ៊ាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច។ នៅក្នុងដីការបស់តុលាការ ជនជាតិជប៉ុនទាំង២នាក់ ត្រូវបានចោទប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន» តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា ជនជាតិជប៉ុន២នាក់ បានធ្វើសកម្មភាពចាក់សម្លាប់អ្នកបើករថយន្ដតាក់ស៊ី យ៉ាងសាហាវព្រៃផ្សៃដោយមិនញញើតដៃ ដើម្បីប្លន់យករថយន្ដតាក់ស៊ី ម៉ាក Highlander ដែលពួកគេម៉ៅជិះមកពីស្វាយស៊ីសាផុន ខេត្តបន្ទាយមានជ័យ ធ្វើដំណើរទៅកាន់ខេត្តសៀមរាប ក្នុងតម្លៃ៣០ដុល្លារ ប៉ុន្ដែមិនបានសម្រេចនោះទេ ដោយត្រូវប្រជាពលរដ្ឋ ប្រជាការពារ សហការជាមួយសមត្ថកិច្ចតាមចាប់បានភ្លាមៗ។

ហេតុការណ៍នេះដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩នេះ នៅចំណុចភូមិពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប ដែលបណ្ដាលឲ្យជនរងគ្រោះ ម្ចាស់រថយន្ដតាក់ស៊ីឈ្មោះ ហ៊ឹម ចាន់ អាយុ៤០ឆ្នាំ រស់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ស្លាប់ធ្លាក់ចេញពីលើរថយន្ដ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ថា តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ISHIDA REIMON បានឆ្លើយថា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ជនសង្ស័យទាំង០២នាក់ ទី១៖ឈ្មោះ ISHIDA REIMON ភេទប្រុស អាយុ២៤ឆ្នាំ និងទី២៖ ឈ្មោះ NAKA RYUJI ភេទប្រុស អាយុ២៤ឆ្នាំ បានចូលមកប្រទេសកម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែត នៅវេលាម៉ោងប្រហែល១២ថ្ងៃត្រង់ ខែឆ្នាំដដែល ពួកគេបានជិះតាក់ស៊ីទៅខេត្តសៀមរាប ពួកគេបានសម្រាកនៅ សណ្ឋាគារមួយកន្លែង ក្នុងក្រុងសៀមរាបមិនចាំឈ្មោះ ក្នុងគោលបំណងរកលួចរថយន្ត ឬប្លន់ប៉ុន្តែលំបាកធ្វើសកម្មភាពព្រោះកាមេរ៉ាច្រើន។

លុះព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១២ថ្ងៃត្រង់ ពួកគេបានរកតាក់ស៊ីជិះទៅ ស្វាយស៊ីសាផុន ខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងស្វែងរកឡានតាក់ស៊ីថ្មី ដើម្បីប្លន់យកមកប្រើប្រាស់ជាមធ្យោបាយសម្រាប់ធ្វើបន្តទៀត ពេលទៅដល់ស្វាយស៊ីសាផុន ពួកគេបានរកតាក់ស៊ីថ្មីបានជា រថយន្តជនរងគ្រោះ ម៉ាក Highlander ព័ណ៌ស្ករ ស្លាកលេខ2AB-5218។

ពួកគេប្រាប់ជនរងគ្រោះថា ចង់ទៅសៀមរាប ហើយត្រូវគ្នាក្នុងតម្លៃ៣០ដុល្លារ ពួកគេក៏ឡើងតាក់ស៊ីដោយជិះតែ០៣នាក់គត់ (តៃកុងតាក់ស៊ី និងពួកគេ០២នាក់) ជិះនៅកៅអីខាងក្រោយតៃកុង ពេលជិះដល់ចំណុចកើតហេតុ ពួកគេបានប្រាប់តាក់ស៊ីឲ្យឈប់ ឈ្មោះ ISHIDA REIMON បានបើកទ្វារតាក់ស៊ីចុះ ដោយទុកឲ្យបក្ខពួកខ្លួន ធ្វើសកម្មភាពប្លន់សម្លាប់យករថយន្ត។

០២នាទីក្រោយមក រូបគេក៏បើកទ្វារតាក់ស៊ីឃើញ បក្ខពួកខ្លួនកំពុងយកកាបិត អារ-ក និងចាក់ជាច្រើនកាំបិតលើជនរងគ្រោះ ដោយជនរងគ្រោះកំពុងរើបំរាស់ ភ្លាមនោះជនរងគ្រោះក៏ធ្លាក់ចេញពីលើ រថយន្តដោយខ្លួនឯង រួចរូបគេបានឡើងរថយន្តបើកចេញពីកន្លែងកើតហេតុ បានប្រហែល៣០ម៉ែត្រ រថយន្តក៏ជ្រុលទៅបុកគោយន្ត ហើយពួកគេក៏បើកទ្វារចុះរត់ តែត្រូវសមត្ថកិច្ចចាប់ឃាត់ បានតែម្តង។ ក្នុងហេតុការណ៍នេះ កម្លាំងសមត្ថកិច្ចជំនាញដកហូតបានវត្ថុតាង កាំបិតប្រវែងកន្លះម៉ែត្រ០១ដើម និងដំបងរលាស់០១ដើម ដែលពួកគេយកតាមខ្លួនពីប្រទេសជប៉ុន។ ចំណែកកាំបិតដែលធ្វើសកម្មភាពកំពុងរុករកបន្ត។

តាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះឈ្មោះ សុខ ចាន់រឿន អាយុ៣៨ឆ្នាំ បានប្រាប់សមត្ថកិច្ចថា នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ម៉ោងប្រហែល០៦ព្រឹក ប្តីរបស់ខ្លួនបានប្រាប់ថា ដឹកភ្ញៀវយូស៊ីម៉ាក ទៅបឹងត្រកួន ហើយម៉ោង១០ព្រឹក ប្តីបានខលទូរស័ព្ទទៅប្រពន្ធប្រាប់ថា បានត្រឡប់ទៅ ស្វាយស៊ីសាផុន ខេត្តបន្ទាយជ័យ នៅម៉ោង០៣ល្ងាច ដើម្បីរកភ្ញៀវយកលុយសិន ពេលនោះប្តីខ្លួនក៏បិទទូរស័ព្ទតែម្តង៕

ដកស្រង់ពី៖FRESH NEWS