បណ្តាញសង្គម

មេខ្យល់នាំស្ត្រីខ្មែរទៅលក់នៅចិន២នាក់ ត្រូវបាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជូនទៅតុលាការ

(ភ្នំពេញ)៖ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ បានបញ្ជូនខ្លួនជនសង្ស័យប្រុស-ស្រីទាំង២នាក់បងប្អូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ បន្ដតាមនីតិវិធី ។

ករណីនេះ កំពុងស្ថិតក្នុងចំណាត់សាកសួររបស់លោក គុជ គឹមឡុង ព្រះរាជអាជ្ញាររង អមសាលាដំណំបូងរាជធានីភ្នំពេញ ។ គួររំលឹកថា កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ដែលជាមេខ្យល់ និងរំដោះជនរងគ្រោះបាន៣នាក់ ដែលជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរមនុស្សឆ្លងដែន ពីប្រទេសកម្ពុជា ទៅប្រទេសចិន។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន មានគោលបំណងនាំនារីគ្រោះ ចេញទៅប្រទេសចិន តាមច្រកបាវិត ចូលប្រទេសវៀតណាម រួមឡើងយន្តហោះ ទៅប្រទេសចិនតែម្ដង៕

ដកស្រង់ពី៖FRESH NEWS