បណ្តាញសង្គម

ម្តាយ និងកូនប្រុសត្រូវសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធករណីជួញគ្រឿងញៀន

(កោះកុង)៖ នគរបាលខេត្តកោះកុង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនជនសង្ស័យពីរនាក់ម្តាយ និងកូនទៅកាន់សាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

លោកឧត្តមសេនីយ៍ត្រី មីន រស្មី បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ប្រចាំខេត្តកោះកុង ឱ្យដឹងថា បន្ទាប់ពីមានការចង្អុលបង្ហាញពីសំណាក់ ឧត្តមសេនីយ៍ទោ សំឃៀត វៀន ស្នងការនគរបាលខេត្តកោះកុង ភ្លាមៗនោះ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញ វេលាម៉ោង១៖៣០នាទីរសៀល លោកបានដឹកនាំកម្លាំង នៃការិយាល័យប្រឆាំងគ្រឿងញៀន ធ្វើការបង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន១ករណី ស្ថិតនៅចំណុចភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយឃាត់ខ្លួនបានមុខសញ្ញាសង្ស័យចំនួន២នាក់ (ស្រី១នាក់)។

លោកឧត្តមសេនីយ៍ត្រី មីន រស្មីនគរ បានបន្តថា ជនសង្ស័យទី១៖ ឈ្មោះ ម៉ែន វល្លី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ (ត្រូវជាកូន) និងទី២៖ ឈ្មោះ ឡាំ សុលី អាយុ៣៦ឆ្នាំ មានមុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្ន ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវជាម្តាយ។

លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ចំពោះវត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន១១កញ្ចប់តូច (ទម្ងន់១.៤៦ក្រាម) និងសម្ភារសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន បញ្ចូលខ្លួនទៅកាន់សាលាដំបូងខេត្តកោះកុង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖FRESH NEWS